(ស៊ីដនី)៖ ក្រុមតារាវិទូអូស្រ្តាលីបានរកឃើញវត្ថុចំណាស់មួយ ដែលអាចមានប្រភពតាំងសម័យមហាព្រឹត្តិការណ៍បន្ទុះ Big Bang កាលពីជាង ១០ពាន់លានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
តាមរយៈការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបអុបទិកដ៏ខ្លាំងបំផុតលើលោក ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne (SUT) នៅទីក្រុង Melbourne បានរកឃើញសំណុំឧស្ម័នអវកាស ដែលមើលទៅលើស្ថានភាពរបស់វា ទំនងជាបានកកើតឡើងនៅក្បែរ ឬក៏អំឡុងបាតុភូត Big Bang តែម្តង។
អ្នកវិទ្យាសាស្រ្តបានឲ្យដឹងដូច្នេះថា កន្លងមកនេះនៅគ្រប់ទីកន្លែងទាំងអស់ ឧស្ម័នក្នុងទីអវកាសសុទ្ធតែត្រូវបានបំពុលដោយកាកសំណល់ធាតុធ្ងន់ៗ ដែលបានមកពីបន្ទុះផ្កាយ ប៉ុន្តែពពកឧស្ម័នខាងលើនេះ មើលទៅដូចមានភាពបរិសុទ្ធនៅឡើយ។ ដោយសារហេតុនេះហើយទើបគេជឿជាក់ថា វាគឺជាវត្ថុដែលសល់តាំងពីសម័យបន្ទុះ Big Bang។
គួរជម្រាបថា របកគំហើញខាងលើនឹងជួយតារាវិទូ ស្វែងយល់អំពីមូលហេតុធំបំផុតមួយថា ហេតុអ្វីបានជាក្រោយបន្ទុះ Big Bang ឧស្ម័នអវកាសខ្លះបានបង្កើតជាផ្កាយ និងកាឡាក់ស៊ី រីឯខ្លះទៀតមិនយ៉ាងដូច្នោះទៅវិញ៕