(សេអ៊ូល)៖ អង្គការសិទ្ធិមនុស្សធំបំផុតមួយនៅកូរ៉េខាងត្បូង នឹងដកហូតពានរង្វាន់ ដែលខ្លួនបានប្រគល់ទៅឲ្យមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី យកមកវិញ ដោយសារបញ្ហាពាក់ព័ន្ធនឹងជនជាតិភាគតិចរូហ៊ីងយ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ដោយឡែកកាលនោះ លោកស្រី សូជី មិនបានទទួលពានរង្វាន់សិទ្ធិមនុស្ស ក្វាងជូ (Gwangju) ដោយផ្ទាល់ឡើយ ដោយសារតែលោកស្រីស្ថិតក្រោមការឃុំឃាំងនៅក្នុងគេហឋាន ដោយអតីតរដ្ឋាភិបាលយោធាភូមា។ អ្នកនាំពាក្យអង្គការសិទិ្ធមនុស្ស May 18 Memorial Foundation បានលើកឡើងយ៉ាងដូច្នេះថា «ភាពមិនសូវខ្វាយខ្វល់របស់លោកស្រី ចំពោះបញ្ហាហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺផ្ទុយស្រឡះពីគុណតម្លៃដែលពានរង្វាន់ប្រភេទនេះតម្រូវឲ្យ នោះគឺការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស»។
ដោយសារហេតុផលខាងលើ ក្រុមប្រឹក្សាភិបាលនៃអង្គការខាងលើ នាថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេចនឹងដកហូតពានរង្វាន់ពីលោកស្រី អោងសាន ស៊ូជី វិញ។ មូលនិធិ May 18 Memorial Foundation ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ដើម្បីជាការគោរពដល់ចលនាងើបឈរឡើង ដើម្បីលទ្ធិប្រជាធិបតេយ្យនៅឯទីក្រុង Gwangju កាលពីឆ្នាំ១៩៨០ ដែលបានបញ្ចប់ទៅដោយការបង្ហូរឈាម ហើយចលនាប្រឆាំងមេដឹកនាំយោធាផ្តាច់ការ Chun Doo-hwan នេះ បានជំរុញឲ្យមានការធ្វើបាតុកម្មគាំទ្រប្រជាធិបតេយ្យទ្រង់ទ្រាយធំនៅកូរ៉េខាងត្បូង ដែលជាការបើកផ្លូវឆ្ពោះទៅកាន់ការស្តារលទ្ធិប្រជាធិបតេយ្យទាំងស្រុងឡើងវិញនៅ ០៧ឆ្នាំក្រោយ។
គួរជម្រាបថា កាលពីខែវិច្ឆិកា អង្គការលើកលែងទោសអន្តរជាតិ Amnesty International ក៏បានដកហូតពានកិត្តិយស Ambassador of Conscience Award ពីលោកស្រី ស៊ូជី ផងដែរ ក្រោមហេតុផលស្រដៀងគ្នា៕