(កាណាដា)៖ ក្រុមហ៊ុនផលិតសព្វាវុធ និងអវកាសដ៏ធំរបស់អន្តរជាតិ General Dynamics បានព្រមានប្រទេសកាណាដាថា ប្រសិនបើរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពិតជាដើរតាមគំរោងដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ និងលក់អាវុធជាមួយអារ៉ាប៊ីសាអូឌីតមែននោះ ប្រទេសអាមេរិកខាងជើងមួយនេះ នឹងត្រូវទទួលខុសត្រូវលើការសងប្រាក់រាប់ពាន់លានដុល្លារ ទៅដល់ក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ការព្រមានត្រូវធ្វើឡើងនាដើមសប្តាហ៍នេះ ដើម្បីជាការឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) ដែលបានលើកឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា ប្រទេសរបស់លោកចង់រំសាយចោលកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយអារ៉ាប៊ូសាអូឌីត ក៏ព្រោះតែរាជាណាចក្រនេះមានជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោក ចាម៉ាល់ ខាសហូកជី (Jamal Kashoggi) និងសង្គ្រាមបង្ហូរឈាមនៅប្រទេសយ៉េមែន។
លោក ទ្រូដូ បានប្រាប់ទូរទស្សន៍ក្នុងស្រុក CTV កាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ការធ្វើឃាតអ្នកកាសែតរូបនោះ គឺពិតជារឿងដែលមិនអាចទទួលយកបានទាល់តែសោះ ហេតុដូច្នេះហើយទើបប្រទេសកាណាដា ចាប់តាំងពីដើមរៀងមកបានព្យាយាមទាមទារស្វែងរកការពិត និងដំណោះស្រាយជុំវិញករណីឃាតកម្មនេះ...។ បន្ថែមពីនេះយើងក៏បានសើរើកិច្ចសន្យាតម្លៃ ១៥ពាន់លានដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រីលោក ស្ទេហ្វិន ហាភើ (Stepen Harper) ដើម្បីលក់រថពាសដែកទៅឲ្យអារ៉ាប៊ីសាអូឌីតនោះផងដែរ...»។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៤ រវាងរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាលនៃអតីតនាយករដ្ឋមន្ត្រីកាណាដា លោក Harper។ វាតម្រូវឲ្យក្រុមហ៊ុន General Dynamics Land Systems-Canada ផលិតរថពាសដែកប្រភេទ LAV 6 ចំនួន ៩២៨គ្រឿង (មានសមត្ថភាពដឹកយោធា) ទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន General Dynamics ប្រាក់ពិន័យដែលកាណាដាត្រូវសងក្រុមហ៊ុននេះនៅពេលត្រូវលុបកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធនោះ គឺយ៉ាងហោចណាស់ក៏ ១ពាន់លានដុល្លារកាណាដាដែរ ដែលស្មើនឹង ៧៤៧លានដុល្លារអាមេរិក។ បន្ថែមពីនេះទៀត ផលអវិជ្ជមានជាច្រើនក៏នឹងជះទៅលើអ្នកបម្រើការងារ និងក្រុមហ៊ុនផ្គត់ផ្គង់ជាសម្ព័ន្ធក្នុងវិស័យផលិតសព្វាវុធ នៅទូទាំងប្រទេសកាណាដាផ្ទាល់តែម្តង៕