(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃអង្គារនេះ បានធ្វើការគូសបញ្ជាក់អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់ចិន ក្នុងការបើកចំហរខ្លួនឲ្យកាន់ទូលំទូលាយទៅកាន់ពិភពលោក និងក្នុងការលើកកម្ពស់កិច្ចប្រឹងប្រែងរួម ដែលសំដៅកសាងសហគមន៍ដែលមានអនាគតរួមគ្នាតែមួយ សម្រាប់មនុស្សលោកទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងសមាជនាឱកាសខួប៤០ឆ្នាំនៃគោលការណ៍បើកចំហនិងកំណែទម្រង់សេដ្ឋកិច្ចដែលផ្តួចផ្តើមដោយអតីតមេដឹកនាំចិន លោក តេង ស៊ាវពីង លោក ស៊ី បានលើកឡើងថា ការអនុវត្តគោលការណ៍នេះ ក្នុងអំឡុងពេល៤០ឆ្នាំកន្លងទៅ បានបង្ហាញថា ការបើកចំហបាននាំមកនូវវឌ្ឍនភាព ខណៈដែលភាពឯកោផ្តាច់ខ្លួននាំមកនូវការដើរថយក្រោយ។ បើតាមលោក ស៊ី ប្រទេសចិន មិនអាចអភិវឌ្ឍន៍ខ្លួនក្នុងភាពឯកោឡើយ ហើយពិភពលោកត្រូវការចិន ដើម្បីសម្រេចបាននូវវិបុលភាពជាសកល៕
គួរជម្រាបថា ឆ្នាំនេះគឺជាគម្រប់ខួប៤០ឆ្នាំនៃគោលនយោបាយកំណែទម្រង់និងបើកចំហ នៃប្រទេសចិន ដោយវាគឺជាកម្មវិធីដ៏សំខាន់មួយជាប្រវត្តិសាស្រ្ត ដែលបានជួយប្រែក្លាយចិនដែលធ្លាប់តែជាប្រជាជាតិក្រីក្រមួយ ឲ្យទៅជាមហាអំណាចសេដ្ឋកិច្ចលេខពីរនៅលើពិភពលោក៕