(ម៉ិចស៊ីកូ)៖ ប្រធានាធិបតីម៉ិចស៊ីកូលោក ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ (Manuel Lopez Obrador) បាននិយាយថា ករណីលួចបូមប្រេងបាននិងកំពុងធ្វើឲ្យប្រទេសរបស់លោកខាតបង់ថវិកាចន្លោះពី ២.៩ ទៅ ៣.៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយលោកបានប្តេជ្ញាថា នឹងទប់ស្កាត់បទល្មើសនេះឲ្យបាននាពេលខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Lopez Obrador បានឲ្យដឹងថា ឆាប់ៗនេះរូបលោកនឹងបញ្ចេញគម្រោងការមួយ ដែលមានគោលដៅប្រយុទ្ធប្រឆាំងជាមួយការកើនឡើងនៃករណីនេះដែលជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ពីព្រោះជនខិលខូចទាំងនោះ បានលួចប្រេងពីក្រុមហ៊ុនរដ្ឋគិតជាទឹកប្រាក់ចន្លោះពី ៦០ ទៅ ៨០ពាន់លានប៉េសូ ដែលស្មើនឹងចន្លោះពី ២.៩៥ ទៅ ៣.៩៣ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
គួរជម្រាបថា បើតាមលោកប្រធានាធិបតីម៉ិចស៊ីកូ អំពើចោរកម្មនេះមិនត្រឹមមានជាប់ពាក់ព័ន្ធជាមួយបណ្តាញក្រុមពួកឧក្រិដ្ឋជនប៉ុណ្ណោះទេ តែថែមទាំងមានការចូលរួមពីសំណាក់បុគ្គលិកពុករលួយ នៃក្រុមហ៊ុនប្រេងរដ្ឋ Penex ផងដែរ។ បទល្មើសលួចប្រេងនេះភាគច្រើន តែងកើតមាននៅរដ្ឋ Puebla ភាគកណ្តាលប្រទេស ជាទីដែលបណ្តាញបំពង់ផ្គត់ផ្គង់ប្រេងប្រមូលផ្តុំគ្នា មកពីឈូងសមុទ្រម៉ិចស៊ីកូ៕