(ដាម៉ាស់)៖ ការតុបតែងលម្អទទួលស្វាគមន៍បុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី បានចាប់ផ្ដើមធ្វើឡើងជាបណ្ដើរៗហើយនៅក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ប្រជាជនស៊ីរីបាននាំគ្នាចេញពីផ្ទះរៀងៗខ្លួន រួចធ្វើដំណើរទៅកាន់ផ្សារដើម្បីទិញរបស់របរសម្រាប់តុបតែងលម្អទទួលស្វាគមន៍បុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រជាជនស៊ីរីខ្លះនៅតែមានការព្រួយ បារម្ភដោយខ្លាចក្រែងថា មានការវាយប្រហារបំផ្ទុះគ្រាប់បែកណាមួយកើតឡើង ព្រមទាំងការដាច់ចរន្ដអគ្គិសនីជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងដាម៉ាស់បានស្ថិតនៅក្រោមការគ្រប់គ្រង ស្ទើរតែទាំងស្រុងរបស់រដ្ឋាភិបាលស៊ីរី ហើយសកម្មភាពផុលផុសត្រៀមរៀបចំទទួលស្វាគមន៍ឆ្នាំថ្មី មានតែនៅក្នុងរដ្ឋធានីមួយនេះតែប៉ុណ្ណោះ ខណៈនៅតាមតំបន់ និងខេត្តជាច្រើនទៀតនៅក្នុងប្រទេស មិនសូវមានការរៀបចំអ្វីធំដុំឡើយ៕