(តូក្យូ)៖ យោងតាមរបាយការណ៍ការពារជាតិរបស់រដ្ឋាភិបាលជប៉ុន ទីក្រុងតូក្យូនឹងធ្វើការទិញបន្ថែមទៀតនូវយន្តហោះចម្បាំងបំបាំងកាយ មីស៊ីលរយៈចម្ងាយឆ្ងាយ ព្រមទាំងសព្វាវុធដទៃទៀត ក្នុងអំឡុងពេល០៥ឆ្នាំខាងមុខ ដើម្បីជួយជ្រោមជ្រែងកងទ័ពអាមេរិកក្នុងការប្រឈមមុខជាមួយឥទ្ធិពល នៃបណ្តាប្រទេសជាគូប្រជែងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ផែនការខាងលើអាចចាត់ទុកថា ជាសញ្ញាយ៉ាងច្បាស់មួយ នៃមហិច្ឆតារបស់ជប៉ុន ក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចខ្លាំងមួយនៅក្នុងតំបន់ ខណៈដែលការបង្កើនឥទ្ធិពលយោធាដោយចិន និងការមានសន្ទុះឡើងវិញនៃយោធារុស្ស៊ី កំពុងមានសម្ពាធខ្លាំងទៅលើសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
គួរជម្រាបថា បើតាមរបាយការណ៍ខាងលើ អាមេរិក ចិន កូរ៉េខាងជើង និងរុស្ស៊ី គឺសុទ្ធតែជាប្រទេសមានឥទ្ធិពលបំផុត ទៅលើការគិតគូរក្នុងវិស័យយោធារបស់ជប៉ុន ដោយចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរលើលោក កំពុងតែធ្វើការដាក់ពង្រាយនាវានិងយន្តហោះបន្ថែម ដើម្បីស៊ើបការណ៍ដែនសមុទ្រក្បែរប្រទេសជប៉ុន។
ស្របពេលជាមួយគ្នា កូរ៉េខាងជើងឯណោះវិញ មិនទាន់បានបំពេញតាមពាក្យសន្យា ក្នុងការបោះបង់ចោលកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់ខ្លួនចោលនៅឡើយ ខណៈរុស្ស៊ី ដែលនៅបន្តឈ្លបការណ៍សមត្ថភាពការពារដែនអាកាសរបស់ជប៉ុន បានឲ្យដឹងថា ខ្លួនទើបតែសាងសង់បន្ទាយទ័ពថ្មីៗ នៅលើដែនកោះភាគខាងជើង ដែលរុស្ស៊ីដណ្តើមយកបានពីជប៉ុនកាលពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទីពីរ៕