Facebook បិទគណនីកូនប្រុសនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមួយថ្ងៃ ព្រោះតែការបង្ហោះសាររើសអើងជនមូស្លីមខ្លាំងពេក! (Video Inside)
18-12-2018 10:31
(អ៊ីស្រាអែល)៖ គណនី Facebook របស់កូនប្រុសនាយករដ្ឋមន្រ្តីអ៊ីស្រាអែល គឺលោក យ៉ាអឺ ណឺតាន់យ៉ាហ៊ូ (Yair Netanyahu) ត្រូវបានបណ្តាញសង្គមយក្សអាមេរិកមួយនេះ បិទលែងឲ្យបង្ហោះសារមួយរយៈខ្លី បន្ទាប់ពីលោកបានសរសេរសារ (Status) រើសអើងជាច្រើននៅលើ News Feed របស់លោកកាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Yair បានសរសេរនៅលើគណនីបណ្តាញសង្គម Facebook ផ្ទាល់របស់លោកថា «នៅអ៊ីស្លង់ និងជប៉ុន ពុំមានករណីភេរវកម្មឡើយ ដោយសារតែមិនមានវត្តមានជនមូស្លីមរស់នៅទីនោះ។ ក្នុងសារបង្ហោះមួយទៀត កូនប្រុសលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានលើកឡើងថា សន្តិភាពនឹងមិនអាចសម្រេចបានឡើយនៅអ៊ីស្រាអែល រហូតទាល់តែលែងមានជនមូស្លីមនៅទីនោះ»។
ជាការឆ្លើយតប Facebook បានសម្រេចប្លុកគណនីរបស់លោក Yair រយៈពេល ២៤ម៉ោង ហើយលុបសាររើសអើងទាំងនោះចោល។ ការបង្ហោះសារគឺសិទ្ធិបុគ្គលពិតមែន ប៉ុន្តែគោលការណ៍របស់ Facebook និងបណ្តាញទំនាក់ទំនងសង្គមធំៗមួយចំនួនទៀត បានព្យាយាមលុបបំបាត់ការបង្ហាញសារ ឬវីដេអូរើសអើងពូជសាសន៍ សាសនា និងរូបភាពនានា ដែលមានចេតនាបង្កផលប៉ះពាល់ ដល់សតិអារម្មណ៍របស់មនុស្សទូទៅ៕