(ប៊ែលហ្សិក)៖ ក្រុមអ្នកស៊ើបអង្កេតប៊ែលហ្សិក បានដឹកនាំការចុះឆែកឆេរមួយនៅឯក្រសួងហិរញ្ញវត្ថុ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញការបាត់លុយរាប់ពាន់លានដុល្លារ ដែលកម្មសិទ្ធិរបស់អតីតមេដឹកនាំលីប៊ីលោក មួអាមម៉ារ ហ្គាដាហ្វី (Muammar Gaddafi)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមអ្នកស៊ើបអង្កេតបានសួរចម្លើយអតីតមន្ត្រីក្រសួងហិរញ្ញវត្ថុម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើ ករណីការចោទប្រកាន់ពីបទលួចដកយកប្រាក់ជាង ២ពាន់លានដុល្លាររបស់លោក Gaddafi ដែលត្រូវបានគេបង្កកទុកនោះ ចេញពីធនាគារក្នុងប្រទេសប៊ែលហ្សិក ហើយយកទៅជួយដល់ក្រុមឧទ្ទាមជាច្រើននៅក្នុងប្រទេសលីប៊ី។
គួរជម្រាបថា បន្ទាប់ពីការស្លាប់របស់អតីតមេដឹកនាំលីប៊ីលោក Muammar Gaddafi កាលពីឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបង្គាប់ឱ្យបង្កកទ្រព្យសម្បត្តិរបស់លោក ខណៈគណនីរបស់លោកមាននៅតាមធនាគារចំនួន ០៤ផ្សេងៗពីគ្នា។ ប៉ុន្តែក្រោយមក ស្រាប់តែប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្សិកជាច្រើន បានរាយការណ៍លុយនៅក្នុងគណនីទាំងនេះ ត្រូវបានដកយកអស់យ៉ាងអាថ៌កំបាំង៕