(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចេញសេចក្តីអំពាវនាវមួយឲ្យប្រទេសកូសូវ៉ូ និងស៊ែប៊ី រក្សាការអត់ធ្មត់ និងបង្កើតឱកាសដើម្បីចរចាគ្នាឡើងវិញ ខណៈប្រទេសស៊ែប៊ីហាក់កំពុងព្រមានធ្វើអន្តរាគមន៍យោធា ដើម្បីឆ្លើយតបទៅនឹងការអនុម័តបង្កើនចំនួនកងទ័ព ពីសំណាក់រដ្ឋសភាកូសូរ៉ូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ជុំវិញបញ្ហាខាងលើនេះ អ្នកសម្របសម្រួលនយោបាយអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក រ៉ូដណី ហាន់ថឺ (Rodney Hunter) បានបញ្ជាក់យ៉ាងដូច្នេះថា «យើងលើកទឹកចិត្តឲ្យភាគីទាំងពីរ គឺកូសូវ៉ូ និងស៊ែប៊ី បោះជំហានឲ្យបានឆាប់រហ័សទៅរកការបន្ធូរបន្ថយភាពតានតឹង ហើយបង្កើតកិច្ចចរចាគ្នា ដើម្បីឲ្យគ្រប់យ៉ាងបានប្រសើរឡើងវិញ...»។ ទីក្រុងវ៉ាស៊ីនតោនក៏បានអំពាវនាវឲ្យភាគីទាំងពីរ កុំបង្កហេតុឡើងថែមទៀត នោះទើបកិច្ចចរចាអាចសម្រេចចេញលទ្ធផលដែលគ្រប់គ្នាចង់បាន។
ដោយឡែកកាលពីសប្តាហ៍មុននេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្តីកង្វល់ជាខ្លាំង ជុំវិញការអនុម័តរបស់សភាកូសូវ៉ូលើសេចក្តីព្រាងច្បាប់ចំនួន ០៣ ដែលមានគោលដៅពង្រឹងតួនាទី និងបង្កើនសមត្ថភាពកងកម្លាំងសន្តិសុខ (កងទ័ព) កូសូវ៉ូ។ លោក Guterres បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យមានការអត់ធ្មត់ និងចៀសវាងការធ្វើសកម្មភាពដែលអាចបង្កើនភាពតានតឹង និងបង្កភាពរាំងស្ទះនៅក្នុងសន្ទនាដែលមានការសម្របសម្រួល ពីសំណាក់សហភាពអឺរ៉ុប (EU) សម្រាប់កិច្ចប្រឹងប្រែងធ្វើឲ្យឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសស៊ែប៊ី និងកូសូវ៉ូ។
គួររំលឹកកាលពីឆ្នាំ២០០៨ កូសូវ៉ូបានប្រកាសឯករាជ្យដោយឯកតោភាគី ដោយផ្តាច់ខ្លួនពីប្រទេសស៊ែប៊ី ខណៈរដ្ឋាភិបាលស៊ែប៊ីបានទាត់ចោលដោយមិនទទួលស្គាល់ ការប្រកាសឯករាជ្យនេះឡើយ ហើយស៊ែប៊ីថែមទាំងចាត់ទុកកូសូវ៉ាថា ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ នាថ្ងៃសុក្រសប្តាហ៍មុននេះ រដ្ឋាភិបាលស៊ែប៊ីក៏បានចេញមុខថ្កោលទោសលើការសម្រេចចិត្តរបស់សភាកូសូវ៉ូផងដែរ ហើយបានព្រមានថាខ្លួននឹងអាចបញ្ចេញសកម្មភាពដែលចាំបាច់ ដើម្បីរក្សាសន្តិភាព។
ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិក និងសហព័ន្ធអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តនឹងគ្នានោះ បានបង្ហាញការគាំទ្រចំពោះកូសូវ៉ូ ក្នុងការបង្កើនសមត្ថភាពទ័ពដោយខ្លួនឯង ដោយមហាអំណាចទាំងពីរនេះអះអាងថា «កូសូវ៉ូមានសិទ្ធិក្នុងការបង្កើតទ័ព» ខណៈកាលពីពេលថ្មីៗនេះ អាមេរិកក៏ធ្លាប់ឧបត្ថម្ភរថពាសដែក ២៤គ្រឿង ដល់រដ្ឋាភិបាលកូសូវ៉ូផងដែរ៕