(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញរូបភាពថ្មីៗ និងវីដេអូ ដែលបង្ហាញនូវទិដ្ឋភាពមើលពីខាងលើ នៃបឹងបុរាណមួយនៅភពអង្គារ (Mars) ដែលជាទីតាំងស្រាវជ្រាវសម្រាប់យានរ៉ូវើ (Rover) ថ្មីរបស់ខ្លួន នៅក្នុងការរុករកសញ្ញានៃវត្តមានជីវិត ដែលរលត់សាបសូន្យជាយូរលង់ណាស់មកហើយ នៅលើភពក្រហមនេះ៕
២៖ សហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍ក្តៅៗរបស់ខ្លួន នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា នៅពេលមួយចុងសប្តាហ៍មុននេះ ប្រតិបត្តិការវាយប្រហារតាមដែនអាកាសចំនួន០៦លើក ត្រូវបានធ្វើឡើងនៅលើតំបន់ភាគនិរតី នៃរដ្ឋធានីម៉ូហ្គាឌីស៊ូ និងបានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធអាល់សាបាអាប់ (al-Shabab) សរុប៦២នាក់៕
៣៖ ប្រតិបត្តិការរុករកប្រអប់ខ្មៅមួយទៀត របស់យន្តហោះអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រជ្វាកាលពីថ្ងៃទី២៩ ខែតុលា ត្រូវបានពន្យារពេលពីរថ្ងៃ ដោយសារតែអាកាសធាតុមិនល្អ ជាហេតុបង្កផលលំបាកក្នុងការធ្វើដំណើរមកដល់នៃកប៉ាល់ជំនាញមួយគ្រឿង៕
៤៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ខ្លួនកំពុងដើរនៅលើផ្លូវឆ្ពោះទៅកាន់ការសម្រេចឱ្យបាននូវគោលដៅក្លាយជាមហាអំណាចនាំចេញអាវុធទាំង ១០ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនអូស្តាល់ (Austal) មានមូលដ្ឋាននៅភាគខាងលិចនៃប្រទេសនេះ ទទួលបានការ បញ្ជាទិញនាវាចម្បាំង ០២គ្រឿងសម្រាប់កងនាវាអាមេរិក៕
៥៖ ប្រធានាធិបតីតួកគីលោក រេសិប តាយយីព អឺដូហ្គាន់ បាននិយាយថា តួកគីមានបំណងទិញយន្ដហោះចម្បាំងបំបំាងកាយអាមេរិក F-35 ចំនួន ១២០គ្រឿង បើទោះជាមានព័ត៌មានជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនអាចលុបចោលគម្រោងលក់យន្ដហោះចម្បាំងនេះឱ្យទីក្រុងអង់ការ៉ា ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីក៏ដោយ៕
៦៖ ការផ្ទុះដ៏ខ្លាំងមួយចេញពីភោជនីយដ្ឋានមួយកន្លែងស្ថិតនៅភាគខាងជើង ប្រទេសជប៉ុនបានបណ្ដាលឱ្យមនុស្ស៤២នាក់រងរបួស និងអគារជាច្រើនខ្នងនៅក្បែរនោះដួលរលំ៕