(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងព្រមានសមាជិកសភានៅថ្ងៃចន្ទនេះថាការរៀបចំការបោះឆ្នោតប្រជាមតិជាលើកទី២ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit អាចនឹងបំផ្លាញទំនុកចិត្តរបស់ប្រជាជនអង់គ្លេស។ នេះបើតាមសេចក្ដីព្រាងសុន្ទកថាមួយ ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
អតីតសមាជិកសភាលោក John Major និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair បានស្ថិតនៅក្នុងចំណោមក្រុមអ្នកនយោបាយដែលកំពុងទាមទារឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី២។ ប៉ុន្តែ បើតាមសេចក្ដីព្រាងសុន្ទរកថាមួយដែលត្រូវថ្លែងនៅថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងឡុងដ៍) លោកស្រី May នឹងព្រមានសមាជិកសភាទាំងអស់ថាការរៀបចំការបោះឆ្នោតប្រជាមតិជាលើកទី២ស្ដីពីការចាកចេញពីសហភាពអឺរ៉ុបឬ Brexit អាចនឹងបំផ្លាញទំនុកចិត្តរបស់ប្រជាជនអង់គ្លេស ហើយវាមានតែបន្សល់ទុកនូវបញ្ហាដ៏ស្មុគស្មាញតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោយមានកិច្ចព្រមព្រៀងមួយរវាងទីក្រុងឡុងដ៏ និងសហភាពអឺរ៉ុបនាពេលថ្មីៗនេះ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ និង Brexit អាចចូលជាធរមានបាន ទាល់តែមានការអនុម័តពីសភាជាមុនសិន៕