(ម៉ូហ្គាឌីស៊ូ)៖ សហរដ្ឋអាមេរិកបានបញ្ចេញរបាយការណ៍ក្តៅៗរបស់ខ្លួន នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា នៅពេលមួយចុងសប្តាហ៍មុននេះ ប្រតិបត្តិការវាយប្រហារតាមដែនអាកាសចំនួន០៦លើក ត្រូវបានធ្វើឡើងនៅលើតំបន់ភាគនិរតី នៃរដ្ឋធានីម៉ូហ្គាឌីស៊ូ និងបានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធអាល់សាបាអាប់ (al-Shabab) សរុប៦២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ទីបញ្ជាការទ័ពអាមេរិកប្រចាំតំបន់អាហ្វ្រិកហៅកាត់ថា អាហ្វ្រីខុម (Africom) បានបញ្ជាក់ថា ប្រតិបត្តិការទាំង ០៦លើកខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលសូម៉ាលី ទៅលើតំបន់ហ្គាន់ដាហ្សេ (Gandashe) ចម្ងាយ៤៨គីឡូម៉ែត្រ នៃភាគនិរតីរដ្ឋធានីម៉ូហ្គាឌីស៊ូ។ បូកសរុបទាំងពីរថ្ងៃនេះ ក្រុមសកម្មប្រយុទ្ធអាល់សាបាអាប់សរុប ៦២នាក់ត្រូវបានសម្លាប់ ក្រោមស្នាដៃយន្តហោះចម្បាំង-ទម្លាក់គ្រាប់បែកអាមេរិក។
គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសូម៉ាលី និងទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អាហ្វ្រិកថា ការវាយប្រហារតាមដែនអាកាសខាងលើនេះ គឺជាការបំបាក់មូលដ្ឋានដ៏សុខសាន្តរបស់ក្រុមសកម្មប្រយុទ្ធជាមុន ដើម្បីបិទឱកាសមិនឲ្យពួកគេ ធ្វើការវាយប្រហារ និងបង្កអំពើភេរវកម្មក្នុងតំបន់នៅថ្ងៃមុខ។ ពួកសកម្មប្រយុទ្ធអាល់សាបាអាប់ គឺជាក្រុមភេរវករដ៏ចម្បងមួយនៅសូម៉ាលី ដែលតែងតែបង្កការវាយប្រហារ សម្លាប់មនុស្ស ប្លន់ជំនួយមនុស្សធម៌ និងពង្រីកឥទ្ធិពលជាបន្តបន្ទាប់ នៅប្រទេសអាហ្វ្រិកដ៏ក្រីក្រមួយនេះ៕