(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកកាន់តែតិចៗទៅ ដែលមានមតិគាំទ្រចំពោះការដឹកនាំរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយកម្រិតប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះនៅត្រឹម ៤៣ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៧ខែកន្លងមកនេះ។ នេះបើតាមលទ្ធផលស្ទង់មតិថ្មី ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
បើតាមការស្ទង់មតិប្រចាំខែ ដែលធ្វើឡើងដោយសារព័ត៌មាន NBC News និង The Wall Street Journal កាលពីវិច្ឆិកា លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រពីប្រជាជនអាមេរិក ៤៦ភាគរយ និង ៤៧ភាគរយកាលពីតុលា។ ម៉្យាងវិញទៀត លទ្ធផលស្ទង់មតិថ្មីនេះបានបង្ហាញថា ប្រជាជនអាមេរិកកាន់តែមិនពេញចិត្តចំពោះគោលនយោបាយរបស់លោក ត្រាំ ខ្លាំងឡើងៗដោយក្នុងខែនេះ ៥៤ភាគរយនៃអ្នកស្ទង់មតិ មិនគាំទ្រចំពោះទង្វើរបស់លោក ត្រាំ ធៀបនឹង ៥២ភាគរយនៅខែវិច្ឆិកា និង ៤៩ភាគរយនៅខែតុលា។
គួរជម្រាបថា ការស្ទាបស្ទង់មតិខាងលើ ទទួលបានការចូលរួមពីពលរដ្ឋអាមេរិកវ័យកណ្តាលប្រមាណ ៩០០នាក់ កាលពីចន្លោះថ្ងៃទី០៩ ដល់ទី១២ ខែធ្នូ។ បន្ថែមពីនេះប្រជាជនអាមេរិក ២៨ភាគរយជឿថា សេដ្ឋកិច្ចអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ នឹងប្រសើរឡើងនៅឆ្នាំ២០១៩ ខណៈ៣៣ភាគរយទៀតជឿជាក់ថា វានឹងប្រែជាយ៉ាប់យ៉ឺនទៅវិញ៕