(ឡុងដ៍)៖ សារព័ត៌មាន Telegraph បានរាយការណ៍ថា អគ្គព្រះរាជអាជ្ញាអង់គ្លេសលោក ជីអូហ្វហ្វ្រេយ ខូក (Geoffrey Cox) បានអំពាវនាវឱ្យមានការដកនាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន គឺលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) ចេញពីតំណែងដើម្បីត្រួសត្រាយផ្លូវចរចាជាថ្មីឡើងវិញ ជាមួយសហភាពអឺរ៉ុបស្ដីពី Brexit។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
Telegraph ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីរបស់លោក Cox នៅអំឡុងកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីខុទ្ទកាល័យជាច្រើនរូបរបស់លោកស្រី May នាពេលថ្មីនេះ។ លើសពីនេះទៅទៀត នាឱកាសនោះលោក Cox ក៏បានគូសបញ្ជាក់ដែរថា លោកស្រីនាយករដ្ឋមន្ត្រីគួរតែត្រូវបានដកចេញពីតំណែង នៅបន្ទាប់ពីត្រីមាសទី ១ (ខែមេសា) ឆ្នាំ២០១៩ ដើម្បីអនុញ្ញាតឲ្យមានការចាត់វិធានការបន្តបន្ទាប់នៃកិច្ចចរចាស្ដីពី Brexit។
គួរបញ្ជាក់ថា ក្រោយមានសេចក្ដីរាយការណ៍របស់ Telegraph អ្នកនាំពាក្យលោក Cox បានបដិសេធថា លោកអគ្គរដ្ឋអាជ្ញាមិនបាននិយាយដូចការលើកឡើង របស់សារព័ត៌មានអង់គ្លេសមួយនេះឡើយ៕