(ក្រិច)៖ មានករណីផ្ទុះគ្រាប់បែកនៅស្ថានីយទូរទស្សន៍ Skai TV ក្នុងទីក្រុងអាតែន ប្រទេសក្រិក ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
បើតាមប៉ូលិសក្រិក ហេតុការណ៍ខាងលើបានកើតឡើងនាវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់កើតហេតុ) ហើយវាបានបង្កការខូចខាតតាំងពីជាន់ទី ១ ដល់ជាន់ទី ៦ នៃអគារការិយាល័យនៃស្ថានីយទូរទស្សន៍ខាងលើ ហើយគ្រឿងផ្ទុះនោះគឺជាគ្រាប់បែកបែបកែច្នៃ ដែលផលិតដោយផ្ទាល់ដៃ។
គួរជម្រាបថា មូលហេតុដែលពុំមានអ្នករងគ្រោះ គឺដោយសារមានការហៅទូរស័ព្ទព្រមានឲ្យដឹងជាមុន ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន០២។ ទន្ទឹមនឹងនេះក៏ពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាទង្វើរបស់ខ្លួនដែរ។ បច្ចុប្បន្នប៉ូលិសជំនាញរបស់ក្រិកកំពុងធ្វើការស៊ើបអង្កេតបន្តទៀត ដោយពុំទាន់មានការបញ្ជាក់ថា វាអាចជាអំពើភេរវកម្ម ឬក៏មិនមែននោះឡើយ៕