(ហ្សាការតា)៖ ប្រតិបត្តិការរុករកប្រអប់ខ្មៅមួយទៀត របស់យន្តហោះអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រជ្វាកាលពីថ្ងៃទី២៩ ខែតុលា ត្រូវបានពន្យារពេលពីរថ្ងៃ ដោយសារតែអាកាសធាតុមិនល្អ ជាហេតុបង្កផលលំបាកក្នុងការធ្វើដំណើរមកដល់នៃកប៉ាល់ជំនាញមួយគ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ខណៈដែលតួយន្តហោះ Boeing 737 MAX ដែលបានធ្លាក់ និងផ្តាច់ជីវិតមនុស្សទាំងអស់ ១៨៩នាក់ និងប្រអប់ខ្មៅទីពីរពុំទាន់ត្រូវបានរកឃើញ ក្នុងអំឡុងប្រតិបត្តិការរុករកដំណាក់កាលដំបូង ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air បានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចចាប់ផ្តើមប្រតិបត្តិការរុករកថ្មី ដែលចាយទុន ២.៦លានដុល្លារ តាមរយៈការប្រើប្រាស់កប៉ាល់ឯកទេសឈ្មោះ MPV Everest។
កប៉ាល់ខាងលើត្រូវគេរំពឹងថា នឹងមកដល់កន្លែងយន្តហោះធ្លាក់នៅថ្ងៃចន្ទនេះ ប៉ុន្តែដោយសារអាកាសធាតុអាក្រក់ និងភ្លៀងធ្លាក់ខ្លាំងនៅឯកំពង់ផែ ចូហរ បារូ (Johor Bahru) នៃប្រទេសម៉ាឡេស៊ី បានរារាំងដល់ដំណើរការចល័តសម្ភារៈ និងក្រុមនាវិក ទើបបណ្តាលឲ្យមានការពន្យារពេលនៃការមកដល់របស់កប៉ាល់ រហូតទៅដល់ថ្ងៃពុធសប្តាហ៍នេះវិញ។
គួរជម្រាបថា ការសម្រេចចិត្តរបស់អាកាសចរណ៍ Lion Air ក្នុងការចេញថ្លៃចំណាយលើប្រតិបត្តិការខាងលើអាចចាត់ទុកជារឿងកម្រមួយ ដោយជាទូទៅការចំណាយប្រភេទនេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទៅវិញទេ៕