(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ខ្លួនកំពុងដើរនៅលើផ្លូវឆ្ពោះទៅកាន់ការសម្រេចឱ្យបាននូវគោលដៅ ក្លាយជាមហាអំណាចនាំចេញអាវុធទាំង ១០ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនអូស្តាល់ (Austal) មានមូលដ្ឋាននៅភាគខាងលិចនៃប្រទេសនេះ ទទួលបានការ បញ្ជាទិញនាវាចម្បាំង ០២គ្រឿងសម្រាប់កងនាវាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន សីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នំា២០១៨។
ក្រុមហ៊ុន Austal ដែលជាអ្នកផលិតនាវាអាលុយមីញ៉ូម ឈានមុខគេនៅលើពិភពលោក បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងផលិតនាវាចម្បាំង ០២គ្រឿងសម្រាប់កងនាវាអាមេរិក ដោយនាវាទាំង ០២គ្រឿងនេះកំពុងស្ថិតក្រោមការផលិត រីឯនាវាចម្បាំង ០៨គ្រឿងទៀតត្រូវបានប្រគល់រួចរាល់ហើយ។
បន្ថែមពីលើនេះនាយកប្រតិបត្តិក្រុមហ៊ុន Austal លោក ដេវីដ ស៊ីងឡេថុន (David Singleton) ក៏បានបញ្ជាក់ដែរថា តាមរយៈការបញ្ជាទិញនាវាចម្បាំងទាំង ០២គ្រឿងខាងលើ គឺមានន័យថា ក្រុមហ៊ុនបានចុះកិច្ចសន្យាផលិតនាវា ១០គ្រឿងនៅត្រឹមឆ្នាំ២០២៥ ខណៈក្រុមហ៊ុនកំពុងស្ថិតនៅដំណាក់កាលចរចាជាមួយប្រទេស ទ្រីនីដេដ និងតូបាហ្គោ (Trinidad and Tobago) ក្នុងការផលិតនាវាល្បាត ០២គ្រឿង។
គួរជម្រាបថា កាលពីខែសីហា កន្លងទៅក្រុមហ៊ុន Austal រកបានប្រាក់ចំណេញជាង ២៧.៩លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០១៧-២០១៨ ដែលនេះគឺជាកំណត់ត្រាខ្ពស់បំផុតមួយសម្រាប់ក្រុមហ៊ុន និងច្រើនជាងទ្វេដងបើធៀបទៅនឹងឆ្នាំសារពើពន្ធ២០១៦-២០១៧។
បើតាមតួលេខពីរបាយការណ៍ស្តុកហូម ប្រទេសដែលនាំចេញសព្វាវុធធំៗបំផុតលើលោកទាំង ១០ ប្រចាំឆ្នាំ២០១៧ កន្លងទៅនេះគឺ ១៖ សហរដ្ឋអាមេរិក, ២៖ រុស្ស៊ី, ៣៖បារាំង, ៤៖ អាល្លឺម៉ង់, ៥៖ ចិន, ៦៖ អង់គ្លេស, ៧៖ អេស្ប៉ាញ, ៨៖ អ៊ីស្រាអែល, ៩៖ អ៊ីតាលី និង ១០៖ ហូឡង់ ខណៈអូស្ត្រាលីវិញគឺស្ថិតនៅលេខរៀងទី ១៩ ឯណោះ៕