(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញរូបភាពថ្មីៗ និងវីដេអូ ដែលបង្ហាញនូវទិដ្ឋភាពមើលពីខាងលើ នៃបឹងបុរាណមួយនៅភពអង្គារ (Mars) ដែលជាទីតាំងស្រាវជ្រាវសម្រាប់យានរ៉ូវើ (Rover) ថ្មីរបស់ខ្លួន នៅក្នុងការរុករកសញ្ញានៃវត្តមានជីវិត ដែលរលត់សាបសូន្យជាយូរលង់ណាស់មកហើយ នៅលើភពក្រហមនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយអវកាស Space នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
កាលពីខែមុនអង្គការ NASA បានប្រកាសថា យាន Mars Rover ឆ្នាំ២០២០ នៅចុះទៅដល់ក្នុងរណ្តៅឈ្មោះថា Jezero Crater ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងបន្ទាត់អេក្វាទ័រនៃភពអង្គារ។ នៅក្នុងរណ្តៅ Jezero ធ្លាប់មានវត្តមានបឹងធំមួយ នៅពេលភពអង្គារ នៅជាកន្លែងមានកម្តៅ និងសំណើមខុសពីពេលបច្ចុប្បន្ន។
គួរជម្រាបថា បេសសកកម្ម Mars Rover 2020 ត្រូវគេកំណត់ថា នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២០ ហើយការចុះទៅដល់ទីតាំងស្រាវជ្រាវលើភពអង្គារ នឹងកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២១។ តួខ្លួនរបស់យានថ្មីនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងយាន Curiosity របស់ NASA ដែលបាននិងកំពុងសិក្សាស្រាវជ្រាវនៅតំបន់រណ្តៅ Gale Crater ចាប់តាំងពីខែសីហា ឆ្នាំ២០១២មក៕