(ម៉ូស្គូ)៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានទាត់ចោលដំណោះស្រាយ ដែលត្រូវបានអនុម័តឡើងដោយព្រឹទ្ធសភាអាមេរិក ដោយទម្លាក់ការទទួលខុសត្រូវលើព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ ចំពោះការស្លាប់របស់អ្នកកាសែតលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ព្រឹទ្ធសភាអាមេរិកបានអនុម័តលើដំណោះស្រាយ ចំនួនពីរដាច់ដោយឡែកពីគ្នា ដោយមួយគឺទម្លាក់ការទទួលខុសត្រូវលើព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ចំពោះការស្លាប់របស់អ្នកកាសែត លោក Jamal Khashoggi និងមួយ ទៀតគឺស្នើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ឈប់ការគាំទ្រដល់ទីក្រុងរីយ៉ាដ នៅក្នុងសង្រ្គាមយ៉េមែន។
តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទនេះ បានទាត់ចោលដំណោះស្រាយទាំងនេះដោយអះអាងថា ការចោទប្រកាន់ទាំងឡាយមកលើព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ ធ្វើឡើងដោយគ្មានមូលដ្ឋាន ហើយថាគោលជំហររបស់ព្រឹទ្ធសភាអាមេរិកនាពេលថ្មីនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អារ៉ាប៊ីសាអូឌីត និងកំពុងបំផ្លាញដល់តួនាទីរបស់ទីក្រុងរីយ៉ាដ នៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកមិនចង់ឱ្យការស្លាប់របស់លោក Khashoggi ប៉ះពាល់ដល់ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតឡើយ ព្រោះវាអាចបង្ខំឱ្យទីក្រុងរីយ៉ាដងាកទៅទិញអាវុធពីរុស្ស៊ី និងចិនវិញ។ ប៉ុន្តែ នៅក្នុងដំណោះស្រាយទាំងពីរខាងលើ ព្រឹទ្ធសភាអាមេរិកក៏បានព្រមានអារ៉ាប៊ីសាអូឌីតទុកជាមុនផងដែរ ពាក់ព័ន្ធការទិញអាវុធពីមហាយក្សទាំងពីរនេះ៕