(ម៉ូស្គូ)៖ មេបញ្ជាការនៃកងកម្លាំងយុទ្ធសាស្ត្រមីស៊ីលរុស្ស៊ីលោក ស៊ឺហ្គៃ ការ៉ាកាអេវ (Sergei Karakaev) បានឱ្យដឹងថា យោធារុស្ស៊ីកំពុងធ្វើការវាយតម្លៃពីផលវិបាកដែលអាចនឹងកើតឡើងក៏ដូចជាវិធានការឆ្លើយតប ក្នុងករណីសហរដ្ឋអាមេរិកដកខ្លួនចេញពី សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចំងាយមធ្យម (INF)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក លោក Karakaev បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផលប៉ះពាល់នៃផលវិបាកបង្កឡើង នៅក្នុងករណីសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា INF រួមទាំងការដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យមនៅអឺរ៉ុបនៅពេល អនាគតគឺកំពុងស្ថិតនៅក្រោមការវាយម្លៃ... ហើយវាគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង»។
គួរជម្រាបថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ សំដៅបញ្ចប់ភាពតានតឹងរវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក អំឡុងសម័យសង្រ្គាមត្រជាក់។ ប៉ុន្តែដោយសំអាងថា ទីក្រុងម៉ូស្គូ មិនគោរពតាមកិច្ចព្រមព្រៀង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែវិច្ឆិកាកន្លងទៅបានប្រកាសថា នឹងដកសហរដ្ឋអាមេរិកចេញពី សន្ធិសញ្ញានេះដែលកន្លងមកបានតម្រូវឱ្យភាគីទាំងពីរ បំផ្លាញមីស៊ីលបាលិស្ទីគបាញ់ពីផ្ទៃដី និងមីស៊ីលបាញ់ចេញពីទឹកមានរយៈចំងាយពី ៥០០គីឡូម៉ែត្រ ដល់ ៥,៥០០គីឡូម៉ែត្រនោះ៕