(ព្រុចសែល)៖ បាតុកររាប់ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសប៊ែលហ្សិក ក្នុងអំឡុងការដង្ហែរក្បួរប្រឆាំងតវ៉ានឹងកិច្ចព្រមព្រៀង ស្តីពីបញ្ហាអន្តោប្រវេសន៍ពិភពលោករបស់អង្គការសហប្រជាជាតិ នៅឯទីក្រុងព្រុចសែលនាថ្ងៃអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
បាតុកម្មខាងលើត្រូវបានធ្វើឡើងក្រោមគោលដៅប្រឆាំង ចំពោះកិច្ចព្រមព្រៀងជាសកលសម្រាប់ការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងជាប្រចាំរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានចុះហត្ថលេខាអនុម័តនៅឯទីក្រុង ម៉ារ៉ាខេច (Marrakech) នៃប្រទេសម៉ារ៉ុក កាលពីដើមសប្តាហ៍មុន។
កម្លាំងប៉ូលិសបានសម្រេចប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ខណៈដែលការប៉ះទង្គិចគ្នាបានកើតមានឡើង នៅក្បែរអគារស្នាក់ការរបស់សហភាពអឺរ៉ុប។ ចំនួនក្រុមបាតុករសរុបត្រូវគេរាយការណ៍ថា មានប្រហែល ៥,៥០០នាក់ ដោយគិតបញ្ចូលមនុស្សជាង ១,០០០នាក់ ដែលបាននាំគ្នាដង្ហែរក្បួនដោយសន្តិវីធី ដើម្បីសម្តែងការគាំទ្រដល់កិច្ចព្រមព្រៀងខាងលើ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងព្រុចសែល បានឲ្យដឹងថា មនុស្សចំនួន១០០នាក់ ត្រូវបានចាប់ខ្លួនផងដែរ។
គួជម្រាបថា កាលពីខែកក្កដាកន្លងទៅ សមាជិកអង្គការសហប្រជាជាតិចំនួន ១៦៩ប្រទេស បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពិភពលោក ស្តីពីបញ្ហាអន្តោប្រវេសន៍នេះ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៦៤ នៅទីក្រុង Marrakech កាលពីសប្តាហ៍មុន ខណៈសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនមិនព្រមចុះហត្ថលេខា អនុម័តជាផ្លូវការឡើយ។
កិច្ចព្រមព្រៀងអន្តរជាតិនេះ មានគោលដៅព្យាយាមស្វែងរកដំណោះស្រាយរួម សម្រាប់បញ្ហាអន្តោប្រវេសន៍ជាសកល ដើម្បីទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីបញ្ហានេះហើយស្របពេលជាមួយគ្នា គឺត្រូវគិតគូរពីហានិភ័យ និងបញ្ហាចោទសម្រាប់បុគ្គល និងសហគមន៍នីមួយៗនៅក្នុងប្រទេសជាប្រភព ប្រទេសដែលត្រូវឆ្លងកាត់ និងប្រទេសជាគោលដៅ៕