(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក មហាធៀ មហាម៉េដ (Mahathir Mahamad) បានចេញ​មុខរិះគន់​ធ្ងន់ៗ​លើ​​ការសម្រេចចិត្ត​​របស់​ប្រទេស​អូស្រ្តាលី ដែលបានប្រកាស​ទទួលស្គាល់​ ទីក្រុង​ហ្សេរុយសាឡឹម​ជារដ្ឋធានីរបស់​អ៊ីស្រាអែល ដោយលោកសង្កត់ធ្ងន់ថា ​ប្រទេសនានាគ្មាន​សិទ្ធិក្នុងការធ្វើ​ដូច្នេះឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ថ្ងៃសៅរ៍កន្លង​ទៅនេះ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាស​ទទួលស្គាល់​ តំបន់​ភាគខាង​លិច​​​នៃ​ទីក្រុងហ្សេរុយសាឡឹម​ជារដ្ឋធានីរបស់ប្រទេស​អ៊ីស្រាអែល ប៉ុន្តែបាន​បញ្ជាក់ថា អូស្ត្រាលីនឹងពុំធ្វើការផ្លាស់​ប្តូរ​ស្ថាន​ទូត​​​ខ្លួន​ចេញ​ពី​ទីក្រុងតែលអាវីវឡើយ ដោយរង់ចាំ​រហូត​ដល់កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន​ត្រូវបង្កើតឡើង​ជាមុនសិន។

គួរជម្រាបថា ម៉ាឡេស៊ីដែល​ជាប្រទេសមូស្លីម​មួយផងដែរ​នៅអាស៊ី គឺជាប្រទេស​គាំទ្រ​ដំណោះស្រាយ​រដ្ឋពីរ ខណៈ​​​​ហ្សេ​រុយ​សាឡឹម​ត្រូវបានចាត់ទុក ជាទីក្រុងពិសិដ្ឋមួយ​សម្រាប់​ជនមូស្លីម ជនជាតិជ្វីប និង​អ្នកកាន់សាសនាគ្រិស្ត ដែល​ជា​​ហេតុ​ធ្វើឲ្យ​​ទីក្រុងនេះ ​ក្លាយជា​ឧបសគ្គដ៏ធំមួយ សម្រាប់ការស្វែងរក​កិច្ចព្រមព្រៀង​រវាងជនជាតិ​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដោយឡែក​​ជំហរ​របស់​អូស្ត្រាលី គឺចង់ទទួល​ស្គាល់​ហ្សេរុយសាឡឹម (ហ្សេរុយសាឡឹម​ខាងលិច) ជារដ្ឋធានី​អ៊ីស្រាអែល និងហ្សេរុយសាឡឹម​​ខាងកើតជារដ្ឋធានី​ប៉ាឡេស្ទីន នៅក្នុងករណី​ដែលកិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបាន​ធ្វើឡើង៕