(តូក្យូ)៖ ការផ្ទុះដ៏ខ្លាំងមួយចេញពីភោជនីយដ្ឋានមួយកន្លែងស្ថិតនៅភាគខាងជើង ប្រទេសជប៉ុនបានបណ្ដាលឱ្យមនុស្ស៤២នាក់រងរបួស និងអគារជាច្រើនខ្នងនៅក្បែរនោះដួលរលំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ និងផ្សែងពាសពេញផ្ទៃអាកាសទាំងយប់ បន្ទាប់ពីហេតុការណ៍ផ្ទុះខាងលើកើតឡើងនៅឯភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Sapporo។ ចំណែកឯ មូលហេតុផ្ទុះមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងឡើង។ ប៉ុន្តែសាក្សីមា្នក់នៅកន្លែងកើតហេតុបាននិយាយថាធុំក្លិនហ្គាស ក្រោយហេតុការណ៍ផ្ទុះកើតឡើង។
គួរបញ្ជាក់ថា បើតាមប៉ូលិសនៅក្នុងតំបន់ ក្រុមពន្លត់អគិ្គភ័យបានប្រើពេលជាច្រើនម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។ មនុស្ស៤២នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ហើយកុមារជាច្រើននាក់ក៏ស្ថិតនៅក្នុងចំណោមអ្នករងរបួសផងដែរ៕