(សេអ៊ូល)៖ កូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មលើកចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដោយព្រមានថានឹងរារាំងការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ហើយត្រឡប់ទៅរកការធ្វើតេស្ដមីស៊ីលជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ការខឹងសម្បាររបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង៣រូប ក្នុងនោះរួមមានទាំងដៃស្ដាំរបស់លោក គីម ជុងអ៊ុន គឺលោក Choe Ryong-hae ជុំវិញការរំលោភសិទ្ធិមនុស្ស។ ក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យដូច្នេះថា៖«បើសិនជា រដ្ឋបាលអាមេរិកគិតថាការដាក់ទណ្ឌកម្ម និងសម្ពាធអាចធ្វើឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន នោះវា គឺជាការយល់ខុសដ៏ធំបំផុត...ហើយវាមានតែរារាំងដល់ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការសន្យារំសាយអាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើង នៅអំឡុងកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែ គេសង្កេតឃើញថាមិនមានភាពរីកចំរើនណាមួយនោះទេ រីឯទីក្រុងវ៉ាស៊ីនតោនក៏មិនបានបន្ធូរបន្ថយការដាក់ទណ្ឌកម្មដែរ បើទោះជាលោកត្រាំ ធ្លាប់បានបង្ហាញពីចេតនា ជួបជាមួយលោក គីម ជាលើកទី២នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះក៏ដោយ៕