(ប៉េកាំង)៖ មនុស្ស៧នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសក្នុងឧបទ្ទវហេតុដែលកើតនៅក្នុងអណ្ដូងរ៉ែមួយកន្លែង ស្ថិតនៅឯទីក្រុង Chongqing នៃភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ១៦ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមស៊ីនហួរ អ្នកស្លាប់ទាំង៧នាក់ខាងលើគឺជាកម្មករមកពីអណ្ដូងរ៉ែ Fengchun ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធ Chongqing Energy Group ហើយជនរងគ្រោះទាំងនេះបានស្លាប់នៅក្នុងឧបទ្ទវហេតុដឹកជញ្ជូនក្រោមអណ្ដូងរ៉ែ កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ។ ប៉ុន្តែ អាជ្ញាធរចិនមិនទាន់បានបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង រីឯប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុននេះក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។
គួររំលឹកថា កាលពីខែតុលាកន្លងទៅ គ្រោះថ្នាក់នៅឯអណ្ដូងរ៉ែមួយក្នុងខេត្ត Shandong បានផ្ដាច់ជីវិតមនុស្ស៨នាក់ និងជម្រុញឱ្យអាជ្ញាធរចិនចេញបញ្ជាឱ្យអណ្ដូងរ៉េ៤១ផ្សេងទៀត បញ្ឈប់ការផលិតរបស់ពួកគេក្រោមហេតុផលសនិ្តសុខ៕