(ម៉ូស្គូ)៖ ក្រសួងការបទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការងារជាមួយបណ្ដាប្រទេសអឺរ៉ុបដើម្បីប្រឆាំងនឹងការឈ្លានរបស់រុស្ស៊ី បន្ទាប់ពីមានប៉ះទង្គិចរវាងទូកអ៊ុយក្រែន និងរុស្ស៊ីនៅឯច្រកសមុទ្រ Kerch។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា៖«សហរដ្ឋអាមេរិកនឹងបន្តធ្វើការងារជាមួយបណ្ដាប្រទេសអឺរ៉ុបដើម្បីប្រឆាំងនឹងការឈ្លានរបស់រុស្ស៊ី...ហើយនឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននាពេលបច្ចុប្បន្ន»។ សេចក្ដីថ្លែងការណ៍ដដែលបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោនស្វាគមន៍ការសម្រេចចិត្តបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ការវាយប្រហារនិងការរឹបអូសទូកអ៊ុយក្រែន ពីសំណាក់កងកម្លាំងរុស្ស៊ីនៅឯ ច្រកសមុទ្រ Kerch កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ៕