(ប្រទេសចិន)៖ លោកស្រី Meng Wanzhou (ម៉េង វ៉ានចូវ) គឺជានាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្មចិនដ៏ល្បីមួយរូប។ លោកស្រីគឺជាអនុប្រធានក្រុមប្រឹក្សាភិបាល និងប្រធានហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុនទូរគមនាគមន៍ Huawei ដែលជាក្រុមហ៊ុនឯកជនធំបំផុតប្រចាំប្រទេសចិន ត្រូវបានបង្កើតឡើងដោយលោក Ren Zhengfei ដែលជាឪពុកបង្កើតរបស់លោកស្រីផ្ទាល់។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី Meng ត្រូវបានគេចាប់ខ្លួននៅប្រទេសកាណាដា តបតាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា លោកស្រីមានជាប់ពាក់ព័ន្ធការកេងបន្លំស្ថាប័នហិរញ្ញវត្ថុជាច្រើនកន្លែង។
ខាងក្រោមនេះជាជីវប្រវត្តិ និងព័ត៌មានសំខាន់ៗជុំវិញស្ត្រីល្បីឈ្មោះរូបនេះ៖
* ថ្ងៃខែឆ្នាំកំណើត ៖ ថ្ងៃទី១៣ កុម្ភៈ ១៩៧២ (វ័យ៤៦ឆ្នាំ)
* កន្លែងកំណើត៖ ទីក្រុង Chengdu ខេត្ត Sichuan ប្រទេស ចិន
* ជនជាតិ៖ ចិន
* ការអប់រំ៖ សិក្សានៅសាកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Huazhong
* មុខរបរ៖ នាយកប្រតិបត្តិក្រុមហ៊ុន
* តួនាទី៖ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងប្រធានហិរញ្ញវត្ថុ (CFO) ក្រុមហ៊ុនទូរគមនាគមន៍ Huawei
* ស្វាមី៖ លោក Liu Xiaozong (រៀបអាពាហ៌ពិពាហ៌ឆ្នាំ២០០៧)
* កូន៖ ៤នាក់
- ឪពុក៖ លោក Ren Zhengfei
- ម្តាយ៖ លោកស្រី Meng Jun
* ជីវិតកាលពីកុមារភាព និងការអប់រំ
Wanzhou កើតនៅទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ក្នុងឆ្នាំ១៩៧២ ជាកូនស្រីរបស់លោក Ren Zhengfei និងភរិយាទី១ ដែលមានឈ្មោះថា Meng Jun ។ Wanzhou បានយកនាមត្រកូលរបស់ម្ដាយ ធ្វើជានាមត្រកូលរបស់ខ្លួននៅពេលនាងមានអាយុ១៦ឆ្នាំ។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅឆ្នាំ១៩៩២ Wanzhou បានបម្រើការឱ្យធនាគារសាងសង់ចិន អស់រយៈពេលមួយឆ្នាំ។ ក្រោយមក Wanzhou បានចូលធ្វើការនៅក្រុមហ៊ុន Huawei ដែលមានឪពុករបស់នាងជាស្ថាបនិក និងជាលេខាធិការរបស់ក្រុមហ៊ុនផ្ទាល់។ ក្រោយមកនាងបន្តការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ១៩៩៧ ដើម្បីសិក្សាឯកទេសផ្នែកគណនេយ្យ ព្រមទាំងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា Huazhong។
* ជីវិតឯកជន
ក្នុងឆ្នាំ២០០៧ លោកស្រី Meng បានរៀបការជាមួយអ្នកជំនួញម្នាក់ដែលមានឈ្មោះថា Liu Xiaozong អតីតជាបុគ្គលិកក្រុមហ៊ុន Huawei ផ្ទាល់អស់រយៈពេល១០ឆ្នាំ។ បន្ទាប់ពីរៀបការពួកគេមានកូនស្រីម្នាក់ រួមជាមួយកូនប្រុសបីនាក់ផ្សេងទៀតរបស់លោកស្រី Meng ជាមួយអតីតស្វាមីម្នាក់ទៀត។
លោកស្រី និងស្វាមី មានលំនៅដ្ឋានដែលមានតម្លៃប្រមាណ២លានដុល្លារនៅ Vancouver នៅក្នុងខេត្ត British Columbia ប្រទេសកាណាដា ដោយបន្តរស់នៅរហូតដល់ឆ្នាំ២០០៩។ Wanzhou ក៏មានលំនៅអចិន្ត្រៃយ៍នៅទីក្រុង ហុងកុងផងដែរក្នុងឆ្នាំ២០១១។
* មុខរបរ
លោកស្រីកាន់មុខតំណែងមួយចំនួនដូចជា ប្រធានគណនេយ្យអន្តរជាតិ នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ប្រចាំទីក្រុង Hong Kong និងជាប្រធាននាយកដ្ឋានគ្រប់គ្រងគណនេយ្យផងដែរ។ ក្នុងបញ្ជីឈ្មោះនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានផ្សព្វផ្សាយក្នុងឆ្នាំ២០១១ លោកស្រី Meng ក៏បានជាប់ឈ្មោះក្នុងបញ្ជីនោះក្នុងនាមជាប្រធានហិរញ្ញវត្ថុម្នាក់ប្រចាំក្រុមហ៊ុន។
នាខែមីនា ឆ្នាំ២០១៨ លោកស្រី ត្រូវបានតែងតាំងជាអនុប្រធានមួយរូប ក្នុងចំណោមអនុប្រធានបួនរូបនៃក្រុមប្រឹក្សាភិបាល។ ទីបំផុតលោកស្រីបានរីកចម្រើនរហូតក្លាយជាអ្នកស្នងតំណែងឪពុករបស់លោកស្រី បើទោះបីជាមានការប្រឆាំងពីសំណាក់ប្អូនប្រុសរបស់លោកស្រីផ្ទាល់ក្តី។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ លោកស្រីបានកាន់តួនាទីជាអនុប្រធាន និងជាប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឯកជនធំបំផុតនៅប្រទេសចិន ដែលមានបុគ្គលិកសរុបចំនួន១៨០ ០០០នាក់។ ក្នុងឆ្នាំ ២០១៧ ទស្សនាវដ្តី Forbes បានចុះផ្សាយ ដោយលោកស្រី Meng ជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងនាមជាស្ត្រីដែលជាអ្នកជំនួញដ៏ឆ្នើមបំផុតប្រចាំប្រទេស ចិន ខណៈដែលប្រធានក្រុមហ៊ុន Huawei លោកស្រី Sun Yafang បានជាប់ចំណាត់ថ្នាក់លេខ២។
* ការឃុំខ្លួន
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេលត្រៀមធ្វើដំណើរចេញពីទីក្រុង ហុងកុងទៅកាន់ទីក្រុង ម៉ិចស៊ីក នៅអាកាសយាន្តដ្ឋានអន្ដរជាតិទីក្រុង Vancouver លោកស្រី ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ កាណាដា តាមសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។ ការពិតលោកស្រី ត្រូវបានតុលាការសហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួន តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ។ ដោយយោងតាមរដ្ឋអាជ្ញាតុលាការកាណាដា លោកស្រី Meng ត្រូវបានចោទប្រកាន់ពីបទបោកបន្លំស្ថាប័នអន្ដរជាតិជាច្រើនកន្លែង។
យោងតាមការលើកឡើងរបស់អង្គភាពមួយដែលត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Huawei ត្រូវបានគេឱ្យដឹងថា មានជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ ដែលវាផ្ទុយនឹងគោលការណ៍នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ យោងតាមមេធាវីការពារក្តីបានឱ្យដឹងថា ធនាគារដែលពាក់ព័ន្ធនៅក្នុងកិច្ចសន្យានោះគឺធនាគារ HSBC ព្រមទាំងបានច្រានចោលការចោទប្រកាន់ដោយបានបញ្ជាក់ថា លោកស្រី Meng មិនបានបំពានច្បាប់ណាមួយរបស់សហរដ្ឋអាមេរិក ឬកាណាដាទេ។
សូមជម្រាបថា រឿងក្តីចោទប្រកាន់ទៅលើលោកស្រី Meng កើតចេញពីសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍អំពីក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជិតស្និតជាមួយក្រុមហ៊ុន Skycom Tech ដែលមានស្នាក់ការនៅទីក្រុង ហុងកុង មានបំណងចង់លក់ផលិតផលសហរដ្ឋអាមេរិក ដល់ប្រទេស អ៊ីរ៉ង់ បើទោះបីមានការហាមឃាត់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្តី។
នៅថ្ងៃទី៧ និងថ្ងៃទី១០ ខែធ្នូ លោកស្រី Meng បានចូលក្នុងសវនាការក្នុងទីក្រុង Vancouver ។ ប៉ុន្តែមិនទាន់មានសេចក្តីសម្រេចណាមួយ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ និងការលើកឡើងប្រឆាំងការចោទប្រកាន់។ សវនាការក៏បានបន្តដំណើរការម្តងទៀតនៅថ្ងៃទី១១ ខែធ្នូ។ លោកស្រីត្រូវបានគេដោះលែងដោយតម្រូវឱ្យមានប្រាក់ធានា១០លានដុល្លារ (៧លានដុល្លារ ជាសាច់ប្រាក់ និង៣លានដុល្លារជាប្រាក់ធានា) ព្រមទាំងលក្ខខណ្ឌមួយចំនួន ក្នុងនោះរួមទាំងការឃ្លាំមើលលោកស្រីតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។
* ប្រតិកម្មជុំវិញការចាប់ខ្លួន
នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានដឹងអំពីដំណើរការចាប់ខ្លួនលោកស្រី ប៉ុន្តែមិនបានចូលរួមនៅក្នុងដំណើរចាប់ខ្លួននេះឡើយ។ ដោយឡែកមន្រ្តីសេតវិមានសហរដ្ឋអាមេរិក បាននិយាយថា «ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានដឹងអំពីសំណើរបស់សហរដ្ឋអាមេរិក ចំពោះការធ្វើបត្យាប័នលោកស្រីចេញពីប្រទេសកាណាដាឡើយ រហូតដល់លោកជួបជាមួយប្រធានាធិបតី ចិន លោក Xi Jinping»។ ដោយឡែកទីប្រឹក្សាសន្តិសុខអាមេរិកលោក John R. Bolton បាននិយាយថា ការពិតលោក Trump គាត់ដឹងជាមុនរួចទៅហើយអំពីការចាប់ខ្លួនរបស់លោកស្រី Meng។
លោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ការចាប់ខ្លួនលោកស្រី Meng គឺជា «រឿងក្តីព្រហ្មទណ្ឌព្រហ្មទណ្ឌ» ដែលមិនមានឥទ្ធិពលអ្វីលើកិច្ចពិភាក្សា ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិកនិងចិននោះទេ។ យ៉ាងនេះក្តីលោក Trump បាននិយាយថា លោកនឹងធ្វើអន្តរាគមន៍ក្នុងរឿងក្តីនេះ ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន កាន់តែប្រសើរ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងអំពីបេសកកម្ម «អាមេរិកទីមួយ» ឆ្លើយតបនឹងស្ថានភាពនេះ។ តែការលើកឡើងនេះត្រូវបានរងការរិះគន់ជាខ្លាំង។
ចំណែកស្ថានទូតចិននៅប្រទេសកាណាដា បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសយ៉ាងខ្លាំងទៅលើការចាប់ខ្លួនលោកស្រី។ ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតកាណាដា និងអាមេរិក ដើម្បីតវ៉ាជុំវិញការចាប់ខ្លួននេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានចោទប្រកាន់ថា ការចាប់ខ្លួននេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីរារាំងភាពរីកចម្រើន នៃក្រុមហ៊ុន Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរបស់ប្រទេសចិនប៉ុណ្ណោះ៕