(ស្រីលង្កា)៖ មេដឹកនាំគណបក្សរួបរួមជាតិ លោក Ranil Wickremesinghe ដែលធ្លាប់ត្រូវបានគេបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីចុងខែតុលាកន្លងទៅ បានស្បថឡើងកាន់តំណែងជានាយកដ្ឋមន្ត្រីសី្រលង្កាសាជាថ្មីម្ដងទៀតនៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ការឡើងកាន់តំណែងជាថ្មីរបស់លោក Wickremesinghe ត្រូវបានគេរំពឹងថានឹងបិទបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេស ស្រីលង្កា អស់រយៈពេលជាង២ខែមកនេះ បន្ទាប់ពីប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena សម្រេចចិត្តរំលាយ សភា ដើម្បីទម្លាក់រូបលោកចេញពីតំណែង ហើយតែងតាំងលោក Mahinda Rajapaksa ដែលជាអតីតបុរសខ្លាំងស្រីលង្កាឲ្យឡើងជំនួស។ ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រកន្លងទៅ លោក Rajapaksa បានសម្រេចចិត្តលាលែងពីតំណែងនេះវិញសំដៅបិទបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន។
គួរបញ្ជាក់ថា ពីធីស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក Wickremesinghe ធ្វើឡើងនៅម៉ោងប្រមាណ ១១៖ ១៥នាទីព្រឹក ក្រោមការចូលរួមពីសំណាក់ប្រធានាធិបតីស្រីលង្កា លោក Sirisena ហើយនេះគឺជាលើកទី៥ហើយដែលលោក ឡើងតំណែងមួយនេះ៕