(ម៉ូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងគម្រោងដ៏មានមហិច្ឆិតា ជុំវិញការសាងសង់បណ្ដាញផ្លូវដែក មួយដែលនឹងតភ្ជាប់តំបន់អាហ្រ្វិកខាងលិច និងអាហ្វ្រិកខាងកើត ខណៈឥទ្ធិពលរបស់ចិនកាន់តែរីកធំនៅអាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មាន Russian Today ផ្អែកលើឯកសារទទួលបានពីគណៈកម្មាការអន្តររដ្ឋាភិបាលរុស្ស៊ី-ស៊ូដង់ បានឱ្យដឹងទៀតថា ខាងភាគីស៊ូដង់បានបង្ហាញចំណាប់អារម្មណ៍ចូលរួមជាមួយបណ្ដាក្រុមហ៊ុនរុស្ស៊ី ក្នុងការសាងសង់ផ្លូវដែកអន្តរអាហ្រ្វិកនៅទីក្រុង Dakar, Port Sudan និងទីក្រុង Cape Town។ ឯកសារដដែលបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងគម្រោងនេះ តែស្នើសុំឱ្យមានតម្លភាព និងភាពស្របច្បាប់លើការផ្ដល់រាល់ហិរញ្ញវត្ថុជាមុនសិន។
គួរជម្រាបថា គម្រោងសាងសង់ផ្លូវដែកអន្តរអាហ្រ្វិក គឺជាផ្នែកមួយនៃគម្រោងរបស់សហភាពអាហ្វ្រិកក្នុងការតភ្ជាប់កំពុងផែ ទីក្រុង Dakar ប្រទេសសេណេហ្កាល់នៃតំបន់អាហ្វ្រិកខាងលិច ទៅកាន់កំពង់ផែរបស់ប្រទេសជីប៊ូទី ក្នុងតំបន់អាហ្វ្រិក ខាងកើត។ បន្ថែមពីលើនេះ គម្រោងផ្លូវដែកនេះទៀតសោត នឹងកាត់តាមប្រទេសអាហ្វ្រិកចំនួន១០ ហើយត្រូវចំណាយប្រាក់ អស់ជាង២.២ពាន់លានដុល្លារ និងមានប្រវែង១២២៨គីឡូម៉ែត្រ។
តែយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានសន្យាថាទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាហ្រ្វិក ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅក្នុងតំបន់៕