(ម៉ូស្គូ)៖ អ្នករាយការណ៍ព័ត៌មានម្នាក់ប្រចាំប្រទេសបារាំង របស់សារព័ត៌មាន RT ត្រូវបានគេវាយបែកមាត់ នៅអំឡុងពេល រាយការណ៍ពីបាតុកម្មតវ៉ាជាលើកទី៥ នៃក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។
អ្នកនាង Nadège Abderrazak ជាអ្នករាយការណ៍ព័ត៌មានម្នាក់ប្រចាំប្រទេសបារាំង របស់សារព័ត៌មាន RT ត្រូវបានគេ វាយបែក និងហើមមាត់ អំឡុងពេលរាយការណ៍ពីបាតុកម្មតវ៉ា នៅឯតំបន់ Place de l'Opéra ក្នុងទីក្រុងប៉ារីស។ ដោយឡែកជុំវិញការប្រើអំពើហិង្សាប្រឆាំងអ្នកកាសែតនេះដែរ និពន្ធនាយកសារព័ត៌មាន RT លោកស្រី Margarita Simonyan បានបង្ហោះរូបភាពរបស់អ្នកនាង Abderrazak នៅលើបណ្ដាញទំនាក់ទំនងសង្គម និងទទួលស្គាល់ថាអ្នកព័ត៌មានរបស់ខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរបារាំង មនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងតំបន់ Ile-de-France ក្នុងទីក្រុងប៉ារីស ភាគកណ្តាលប្រទេសបារាំងនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដែលជាសប្តាហ៍ទី៥នៃការធ្វើបាតុកម្មរបស់ក្រុមចលនាអាវកាក់ពណ៌លឿង។ ប៉ុន្តែ បាតុកម្មអាវកាក់ពណ៌លឿង មានការចូលរួមពីក្រុមអ្នកតវ៉ាខ្ទង់ពាន់នាក់ ដោយជាង១,០០០នាក់ប៉ុណ្ណោះ មានវត្តមាននៅក្នុងទីក្រុងប៉ារីស ហើយចំនួននេះត្រូវគេសង្កេតឃើញថា មានការធ្លាក់ចុះឆ្ងាយធៀបនឹងសប្តាហ៍មុនៗ ដែលមានអ្នកចូលរួមខ្ទង់សែននាក់នៅទូទាំងប្រទេស។
យ៉ាងណាមិញ ក៏នៅតែមានការប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងប៉ះទង្គិចគ្នាបន្តិចបន្តួច រវាងប៉ូលិសនិងក្រុមបាតុករផងដែរ។ តែ មើលទៅហាក់មានភាពធូរស្រាលជាងសប្តាហ៍មុនៗ៕