Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះ​​ទម្លាក់​គ្រាប់បែករុស្ស៊ីមក​ដល់​ស្រុក​កំណើតវិញ ក្រោយបញ្ចប់​បេសកកម្ម​នៅ​វេណេស៊ុយអេឡា

15-12-2018 21:04

(ម៉ូស្គូ)៖ ទីបំផុតយន្តហោះ​ទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿង ដែលបញ្ជូនទៅ​កាន់វេណេស៊ុយអេឡា​កាលពីដើម​សប្តាហ៍​នេះ បានវិលត្រឡប់​មកដល់​ដែនដីនៃប្រទេស​រុស្ស៊ីវិញហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងឱកាសនោះ​​ក្រសួងការពារជាតិ​រុស្ស៊ី ក៏បានបញ្ចេញ​ឃ្លីបវីដេអូបង្ហាញពី​សកម្មភាព​ទទួលស្វាគមន៍​​យន្តហោះ​​ទម្លាក់​ធុន Tu-160 ទាំងពីរគ្រឿង​ផងដែរ។ កាលពីអំឡុង​ពេល​ស្ថិត​នៅវេណេស៊ុយអេឡា យន្តហោះរុស្ស៊ី Tu-160 បានធ្វើកោះ​ហើរ​​​នៅលើសមុទ្រ​ការីបៀន និងចូលរួមលំហាត់​យោធាមួយចំនួន​នៅ​តំបន់​អេក្វាទ័រ រួមមានទាំង​ការ​ហោះហើររួមគ្នា​ជា​​មួយក្បួនយន្តហោះ​ចម្បាំង​របស់កងទ័ពអាកាស​វេណេស៊ុយអេឡា​ជាដើម។

គួរជម្រាបថា ការចល័តយន្តហោះ​ខាងលើទៅកាន់​វេណេស៊ុយអេឡា បានបណ្តាលឲ្យ​មានការរិះធ្ងន់ភ្លាមៗ ពីសំណាក់​​​រដ្ឋាភិបាល​អាមេរិក និង​ប្រទេសកូឡុំប៊ី ខណៈរដ្ឋាភិបាល​ទីក្រុងម៉ូស្គូ​បានបញ្ជាក់អះអាងថា ការហោះហើរនេះ​ត្រូវ​បាន​ធ្វើឡើងដោយ​ស្របទៅតាម​ច្បាប់​អន្តរជាតិ៕