(ប៉ារីស)៖ មនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងតំបន់ Ile-de-France ដែលនៅជុំវិញទីក្រុងប៉ារីស ភាគកណ្តាលប្រទេសបារាំងនាថ្ងៃសៅរចុងសប្តាហ៍នេះ ដែលជាសប្តាហ៍ទី៥នៃការធ្វើបាតុកម្មរបស់ក្រុមចលនាអាវកាក់ពណ៌លឿង។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបារាំង ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
បាតុកម្មអាវកាក់ពណ៌លឿងនៅថ្ងៃសៅរ៍នេះ មានការចូលរួមពីក្រុមអ្នកតវ៉ាខ្ទង់ពាន់នាក់ ដោយជាង១,០០០នាក់ មានវត្តមាននៅក្នុងទីក្រុងប៉ារីស។ ចំនួននេះត្រូវគេសង្កេតឃើញថា មានការធ្លាក់ចុះឆ្ងាយធៀបនឹងសប្តាហ៍មុនៗ ដែលមានអ្នកចូលរួមខ្ទង់សែននាក់នៅទូទាំងប្រទេស។ យ៉ាងណាមិញ ក៏នៅតែមានការប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងប៉ះទង្គិចគ្នាបន្តិចបន្តួច រវាងប៉ូលិសនិងក្រុមបាតុករផងដែរ ប៉ុន្តែមើលទៅហាក់មានភាពស្ងប់ស្ងាត់ជាងសប្តាហ៍មុនៗ។
គួរជម្រាបថា ចលនាបាតុកម្មខាងលើ បានផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយដំបូងឡើយគឺមានគោលដៅត្រឹមប្រឆាំងតវ៉ានឹងការឡើងពន្ធលើថ្លៃសាំង-ម៉ាស៊ូត ប៉ុណ្ណោះ ប៉ុន្តែវាបានប្រែក្លាយរហូតទៅជាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលបារាំងតែម្តង និងផ្ទុះជាអំពើហិង្សាទៀតផង ដែលបង្កឲ្យមានការឃាត់ខ្លួនបាតុកររាប់ពាន់នាក់កាលពីថ្ងៃសៅរ៍មុន៕