(ប៉ារីស)៖ នៅទីបំផុតមហាបាតុកម្មប្រឆាំងតម្លៃប្រេង-សាំង និងពន្ធដារកើនឡើងនៅប្រទេសបារាំង ចាប់ផ្តើមជាលើកទី៥ហើយនៅថ្ងៃសៅរ៍នេះ ដោយក្រុមចលនាអាវកាក់ពណ៌លឿងបានអះអាងថា ក្រុមចលនាមានគ្នីគ្នាសរុបជាង ១០០,០០០នាក់ បានស្ម័គ្រចិត្តចូលរួមបាតុកម្មនៅចុងសប្តាហ៍នេះ ដើម្បីប្រកាសទាមទារឲ្យប្រធានាធិបតី ម៉ាក្រុង ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមបណ្តាញសង្គម Facebook នៅប្រទេសបារាំង ដែលកំពុងតែផុសផុលខ្លាំងក្នុងចលនាអំពាវនាវឲ្យប្រមូលផ្តុំគ្នានោះ ក្រុមចលនាអាវកាក់ពណ៌លឿងកំពុងចាប់ផ្តើមដង្ហែរក្បួននៅវិថី Champs-Élysées ក្នុងរដ្ឋធានីប៉ារីស។ យ៉ាងហោចណាស់ក៏មានក្រុមធំចំនួន ១៥ ដែរនៅក្នុងបណ្តាញសង្គម Facebook ដែលបានបង្ហាញជំហររបស់ពួកគេទៅកាន់រដ្ឋាភិបាលបារាំង ដោយពួកគេទាំងនោះអះអាងថា នឹងបន្តការតវ៉ាទៅមុខទៀតរហូតដល់ការទាមទាររបស់ពួកគេគ្រប់ចំណុច ត្រូវបានរដ្ឋាភិបាលបារាំងយល់ព្រម។
គួរបញ្ជាក់ថា សាររួមរបស់ក្រុមបាតុករអាវកាក់ពណ៌លឿង សម្រាប់ទាមទារក្នុងមហាបាតុកម្មនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះគឺ «ការប្រមូលផ្តុំដើម្បីយុត្តិធម៌សង្គម និងពន្ធដារសមស្រប, ប្រជាធិបតេយ្យពិតប្រាកដ, សិទ្ធិស្មើភាព និងការផ្លាស់ប្តូរជារួមដ៏ពិតប្រាកដមួយ និងទាមទារឲ្យប្រធានាធិបតី ម៉ាក្រុង ចុះចេញពីតំណែង៕