(ញូដេលី)៖ មានករណីភ្ញាក់ផ្អើលមួយនៅថ្ងៃសៅរ៍នេះ ក្រោយពីមានការព្រមានអំពីការបង្កៃគ្រាប់បែកលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌា អាជ្ញាធរនាំយកយន្តហោះទៅកន្លែងស្ងាត់មួយដាច់ពីគេឯង នៅឯអាកាសយានដ្ឋាននៃទីក្រុង ម៉ុមបៃ (Mumbai)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
យ៉ាងណាមិញករណីខាងលើត្រូវបានរកឃើញថា គ្រាន់តែជាការកុហកបោកប្រាស់ ដើម្បីការបន្លាច និងបង្កឲ្យមានភាពភ្ញាក់ផ្អើលប៉ុណ្ណោះ។ យន្តហោះដែលមានគោលដៅធ្វើដំណើរពីទីក្រុង Mumbai ទៅកាន់ទីក្រុង Lucknow ដោយឆ្លងកាត់រដ្ឋធានីញូដេលីនោះ និងជាកម្មសិទ្ធិរបស់អាកាសចរណ៍ឥណ្ឌាឈ្មោះថា អ៊ីនឌីហ្គោ (IndiGo) ត្រូវបានអាជ្ញាធរនាំយកទៅកន្លែងស្ងាត់ដាច់ឆ្ងាយពីគេភ្លាមៗ នៅឯព្រលានយន្តហោះខាងលើបន្ទាប់ពីស្រ្តីជាអ្នកដំណើរម្នាក់ដែលត្រូវចុះនៅនៅញូដេលី បានប្រាប់បុគ្គលិកបម្រើការក្នុងអាកាសយានដ្ឋានថា មានគ្រាប់បែកនៅលើយន្តហោះនោះ។
ដោយមិនបង្អង់យូរ កងកម្លាំងសន្តិសុខក៏បានបញ្ជូនក្រុមជំនាញដោះគ្រាប់បែក និងក្រុមសុនខហិតក្លិនគ្រាប់បែក ឡើងទៅលើយន្តហោះនោះ ប៉ុន្តែពុំបានរកឃើញភាពមិនប្រក្រតី ឬវត្ថុសង្ស័យណាមួយឡើយ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់។ ទីបំផុតយន្តហោះក៏ត្រូវប្រកាសថា មានសុវត្ថិភាពធម្មតា និងអនុញ្ញាតឲ្យចេញដំណើរឆ្ពោះទៅគោលដៅ៕