(កៀវ)៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន លោក ចន ហ៊ឺបត៍ (John Herbst) បានបញ្ជាក់កាលពីពេលថ្មីៗនេះថា មូលហេតុដែលសហរដ្ឋអាមេរិកដឹកនាំការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីនោះ ក៏ព្រោះតែមហាអំណាចលេខ ១ លើលោកមួយនេះ មិនចង់ឲ្យរុស្ស៊ីមានកងទ័ពជើងគោក និងជើងទឹកកាន់តែខ្លាំងក្លានោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពី Sputnik នារសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែន ព្រីយ៉ាម៉ូយ (Pryamoi) កាលពីថ្ងៃសុក្រសប្តាហ៍នេះលោក John Herbst ដែលធ្លាប់កាន់តំណែងជាអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអ៊ុយក្រែនពីចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ បានបញ្ជាក់ថា «យើងចង់ឲ្យសេដ្ឋកិច្ចពួកគេ (រុស្ស៊ី) កាន់តែទន់ខ្សោយ ពីព្រោះបើពួកគេមានសេដ្ឋកិច្ចខ្លាំង នោះពួកគេនឹងអាចផ្គត់ផ្គង់វិស័យយោធាដ៏ខ្លាំងក្លាមួយ...។ យើងមិនចង់ឲ្យរដ្ឋដ៏គគ្លើនមួយមានកងទ័ពជើងគោក ឬក៏ជើងទឹកខ្លាំងក្លានោះឡើយ...។ ហេតុដូច្នេះទណ្ឌកម្មត្រូវតែដាក់ចេញ ដើម្បីការពារផលប្រយោជន៍របស់យើង (អាមេរិក)។»
គួរបញ្ជាក់ថា ការលើកឡើងរបស់អតីតអគ្គរដ្ឋទូតអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីរបាយការណ៍រសើបមួយ ត្រូវបានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា រុស្ស៊ីបានខាតបង់សេដ្ឋកិច្ចអស់ ១ភាគរយក្នុងមួយឆ្នាំៗ ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឬសម្ព័ន្ធមិត្ត។ បន្ថែមពីនេះជម្លោះជាថ្មីរវាងអ៊ុយក្រែន និងរុស្ស៊ីនៅច្រកសមុទ្រឃើច (Kerch) ក្បែរតំបន់គ្រីមានាចុងឆ្នាំ២០១៨នេះ ក៏នឹងក្លាយជាឱកាសដែលអាមេរិក និងសហភាពអឺរ៉ុប គិតគូរបន្ថែមទណ្ឌកម្មធ្ងន់ធ្ងរជាងមុនទៀតលើរុស្ស៊ីផងដែរ៕