(វ៉ាស៊ីនតោន)៖ យានអវកាស OSIRIS-REx របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលទើបតែទៅដល់អាចម៍ផ្កាយ Bennu កាលពីសប្តាហ៍មុនសោះនោះ បានបង្កើតរបកគំហើញគួរឲ្យកត់សម្គាល់មួយស្រេចទៅហើយ គឺវាបានរកឃើញវត្តមាននៃរ៉ែមានសំណើម នៅលើដុំថ្មអវកាសប្រភេទកៀកផែនដី (Near-Earth Asteroid) ដែលមានទំហំមុខកាត់ ៥០០ម៉ែត្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
របកគំហើញខាងលើធ្លាប់បានឲ្យដឹងថា ទឹកធ្លាប់មានវត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅផ្ទៃស្រទាប់ផ្ទៃខាងក្នុងនៃដុំថ្មអវកាសធំមួយទំហំប្រហែល ១០០គីឡូម៉ែត្រ ដែលបានបន្សល់ទុកអាចម៍ផ្កាយ Bennu ដោយវាស្ថិតក្នុងតំបន់ខ្សែវាត់អាចម៍ផ្កាយដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។
អាចម៍ផ្កាយ Bennu ត្រូវអ្នកវិទ្យាសាស្រ្ត ជឿថាអាចជាសំណុំនៃកម្ទេចកម្ទីរដុំថ្មតូចៗដែលប្រមូលផ្តុំគ្នា នៅក្រោយហេតុការណ៍ប៉ះទង្គិចដ៏កក្រើកមួយ ដែលបានធ្វើឲ្យដុំថ្មអវកាសធំមួយបែកជាចំណែកៗ កាលពីរាប់រយលានឆ្នាំមុន។
គួរជម្រាបថា គោលដៅចម្បងរបស់យាន OSIRIS-REx មានពាក់ព័ន្ធនឹងការជួយឲ្យអ្នកវិទ្យាសាស្រ្តបង្កើនការយល់ដឹងអំពីការកកើតដំបូងៗនៃប្រព័ន្ធព្រះអាទិត្យរបស់យើង ព្រមទាំងតួនាទីដែលប្រភេទអាម៍ផ្កាយដូចជា Bennu អាចបានចូលរួមចំណែក ទាក់ទិននឹងការនាំយកទឹកនិងសមាសធាតុគីមីសំខាន់ៗ ដែលចាំបាច់នៃការកកើតទម្រង់ជីវិត នៅលើផែនដី។ ដូច្នេះហើយការរកឃើញវត្តមានទឹកខាងលើនេះ គឺជាព័ត៌មានធំមួយ សម្រាប់ក្រុមការងារនៃបេសកកម្ម InSight៕