(វ៉ាស៊ីនតោន)៖ ខណៈស្ថានការណ៍នៃកិច្ចចរចាអំពីបញ្ហាអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ហាក់មើលទៅដូចជាមិនមានវឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់នោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នាថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោកមិនប្រញាប់ប្រញាល់ទៅណាឡើយជុំវិញបញ្ហានេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «មនុស្សជាច្រើនបានសួរថា តើស្ថានការណ៍យ៉ាងម៉េចហើយពាក់ព័ន្ធកិច្ចខិតខំចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ហើយខ្ញុំតែងឆ្លើយតបវិញថា ពួកយើងមិនប្រញាប់រួសរាន់ទៅណានោះទេ»។
គួរជម្រាបថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តកាលពីខែមិថុនាកន្លងទៅ រវាងលោក ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកផ្លូវឲ្យមានកិច្ចសន្ទនាចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ចេញពីតំបន់ឧបទ្វីបកូរ៉េ រវាងប្រទេសទាំងពីរ ក្រោយការគំរាមកំហែងអំពីសកម្មភាពយោធាដាក់គ្នាទៅវិញទៅមកអស់រាប់ខែ។ កិច្ចប្រជុំកំពូលលើកទីពីររវាងលោក ត្រាំ និង លោក គីម ត្រូវគេរំពឹងថា នឹងអាចលេចឡើងនៅឆ្នាំក្រោយ៕