(វ៉ាស៊ីនតោន)៖ កាណាដាកំពុងត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណបមួយក្រុម ដែលមាន០៣គ្រឿង ដើម្បីតាមដានកប៉ាល់នៅក្បែរទឹកដីរបស់ខ្លួន ព្រមទាំងនាវានានានៅតាមទីតាំងជុំវិញពិភពលោក ដែលទីក្រុងអូតូវ៉ាធ្វើប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសដែលជាសម្ព័ន្ធមិត្ត។ នេះបើតាមដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
ក្រសួងការពារជាតិកាណាដាបានប្រកាសឲ្យដឹងថា ផ្កាយរណបទាំង០៣គ្រឿង នឹងលើកកម្ពស់សមត្ថភាពតាមដានកប៉ាល់ និងផ្តល់ការអង្កេតបានប្រសើរជាងមុនលើទឹកដីរបស់កាណាដា ព្រមទាំងនៅតាមទីតាំងជាប្រយោជន៍ឯទៀតៗ នៅជុំវិញពិភពលោក ដែលយោធាកាណាដា និងសម្ព័ន្ធធ្វើប្រតិបត្តិការ។
គួរជម្រាបថា បន្ថែមពីលើការបាញ់បង្ហោះក្រុមផ្កាយរណបខាងលើ កាណាដានឹងបោះទុនវិនិយោគថវិកា ៦.៧លានដុល្លារ ទៅក្នុងគម្រោងស្រាវជ្រាវចំនួន ១២ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាអង្កេតផែនដីថ្មីៗ ដែលជួយដល់ការងារអង្កេតការណ៍៕