(បារាំង)៖ មិនមែនជាពេលដើរកម្សាន្តនាចុងសប្តាហ៍នេះឡើយសម្រាប់ប្រជាជន និងអ្នកចង់ទៅលំហែកាយនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្រុមចលនាអាវកាក់ពណ៌លឿង បាននិងកំពុងត្រៀមខ្លួនរួចទៅហើយ ដើម្បីបង្កមហាបាតុកម្មក្នុងសប្តាហ៍ទី ៥ ហើយលើកនេះពួកគេក៏មានគោលដៅ ទាមទារឲ្យប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមបណ្តាញសង្គម Facebook នៅប្រទេសបារាំង ដែលកំពុងតែផុសផុលខ្លាំងក្នុងចលនាអំពាវនាវឲ្យប្រមូលផ្តុំគ្នានោះ ក្រុមចលនាអាវកាក់ពណ៌លឿងបានសន្យាថា ពួកគេនឹងប្រមូលផ្តុំកម្លាំងរហូតដល់ ១០០,០០០នាក់ ហើយចាប់ផ្តើមដង្ហែរក្បួននៅវិថី Champs-Élysées ក្នុងរដ្ឋធានីប៉ារីស។ យ៉ាងហោចណាស់ក៏មានក្រុមធំចំនួន ១៥ ដែរនៅក្នុងបណ្តាញសង្គម Facebook ដែលបានបង្ហាញជំហររបស់ពួកគេទៅកាន់រដ្ឋាភិបាលបារាំង ដោយពួកគេទាំងនោះអះអាងថា នឹងបន្តការតវ៉ាទៅមុខទៀតរហូតដល់ការទាមទាររបស់ពួកគេគ្រប់ចំណុច ត្រូវបានរដ្ឋាភិបាលបារាំងយល់ព្រម។
គួរបញ្ជាក់ថា សាររួមរបស់ក្រុមបាតុករអាវកាក់ពណ៌លឿង សម្រាប់ទាមទារក្នុងមហាបាតុកម្មនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះគឺ «ការប្រមូលផ្តុំដើម្បីយុត្តិធម៌សង្គម និងពន្ធដារសមស្រប, ប្រជាធិបតេយ្យពិតប្រាកដ, សិទ្ធិស្មើភាព និងការផ្លាស់ប្តូរជារួមដ៏ពិតប្រាកដមួយ»។ ទោះបីជាលោក ម៉ាក្រុង បានធ្វើជារឿងជាច្រើនមកហើយក៏ដោយ ដូចជាការកាត់បន្ថយពន្ធ ប្រេង-សាំង និងការលើកលែងការបង់ពន្ធចំពោះអ្នកមានប្រាក់ខែទាប ក៏ក្រុមបាតុករនៅតែមិនសុខចិត្តដដែល ហើយពួកគេមួយចំនួនកំពុងទាមទារឲ្យលោក ម៉ាក្រុង ចុះចេញពីតំណែងផងដែរ៕