(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងធ្វើការទាមទារទឹកប្រាក់ចំនួន ៣៣១លានដុល្លារ ដើម្បីជាការតបស្នងថវិកាពេញថ្លៃពីសំណាក់អេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត សម្រាប់ការផ្តល់សេវាចាក់សាំង និងថ្លៃសាំង ដែលទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់ឲ្យកងយន្តហោះរបស់ក្រុមយោធាចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
គណៈកម្មាធិការទទួលបន្ទុកវិស័យយោធា នៃព្រឹទ្ធសភាអាមេរិកបានប្រកាសឲ្យដឹងថា ក្រសួងការពារជាតិអាមេរិកឥឡូវនេះ នឹងត្រូវទាមទារលុយចំនួន ៣៣១លានដុល្លារ ដែលប្រជាជនអាមេរិកបានចំណាយ តាមរយៈការបង់ពន្ធនាពេលកន្លងមក ពីក្រុមយោធាចម្រុះអារ៉ាប់ (SLC) យកមកវិញ។
គួរជម្រាបថា នាសប្តាហ៍នេះព្រឹទ្ធសភាអាមេរិកក៏បានបោះឆ្នោតសម្រេច បញ្ចប់ការជួយជ្រោមជ្រែងផ្នែកយោធារបស់អាមេរិក ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសង្រ្គាមប្រទេសយេម៉ែនផងដែរ៕