(កូឡុំប៊ី)៖ ពាក់ព័ន្ធការចល័តក្បួនយន្តហោះទម្លាក់គ្រាប់បែក Tu-160 របស់រុស្ស៊ីទៅកាន់វេណេស៊ុយអេឡា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូឡុំប៊ីលោក ខេវិន វ៉ៃថេឃើ (Kevin Whitaker) បានចាត់ទុកប្រភេទយន្តហោះទម្លាក់គ្រាប់បែកនេះថា ជាវត្ថុដែលសមនឹងតាំងនៅឯសារមន្ទីរ ពោលគឺមិនគួរឲ្យមកហោះហើរដូច្នេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
លោក Whitaker បាននិយាយដូច្នេះថា «យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន Tu-160 ចំនួន០២គ្រឿង ដែលបានទៅដល់វេណេស៊ុយអេឡាថ្មីៗនេះ គឺពុំមានជាសកម្មភាពបង្ករឿងឡើយ ដោយសារតែយន្តហោះចាស់ៗបែបនេះ តាមពិតទៅគឺជារបស់ដែលគួរដាក់តាំងនៅសារមន្ទីរឯណោះទេ»។ បើតាមលោកឯកអគ្គរដ្ឋទូតអាមេរិក តាមរយៈការបញ្ជូនយន្តទម្លាក់គ្រាប់ Tu-160 ទៅកាន់វេណេស៊ុយជាថ្មីម្តងទៀត ក៏អាចជាការចង់បង្ហាញអត្ថន័យម៉្យាងផងដែររបស់រុស្ស៊ី ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា ជាអ្វីឲ្យប្រាកដឡើយ។
គួរជម្រាបថា ការទៅដល់នៃក្បួនយន្តហោះទម្លាក់គ្រាប់បែក Tu-160 នៅវេណេស៊ុយ កាលពីថ្ងៃទី១០ ខែធ្នូ បានបង្កឲ្យផ្ទុះការរិះគន់តវ៉ាពីសំណាក់សហរដ្ឋអាមេរិក និងកូឡុំប៊ីដែលជាអ្នកជិតក្បែរ ប៉ុន្តែក្រសួងការបរទេសរុស្ស៊ីបានធានាអះអាងថា យន្តហោះទាំងនេះពុំមានបំពាក់អាវុធនុយក្លេអ៊ែរមកជាមួយឡើយ ហើយនាថ្ងៃសៅរ៍នេះ បានវិលត្រឡប់ទៅរុស្ស៊ីវិញហើយ។
យន្តហោះ Tu-160 របស់ក្រុមហ៊ុនរុស្ស៊ី ទូប៉ូឡេវ (Tupolev) មានរហស្សនាមថា «ក្ងានស» ដោយសារតែប្រវែងស្លាប៥៥ម៉ែត្រដ៏ធំនិងវែងរបស់វា។ យន្តហោះនេះគឺជាយន្តហោះទម្លាក់គ្រាប់បែកបែបយុទ្ធសាស្រ្ត មានល្បឿនលឿនជាងសំឡេងដែលត្រូវបានអភិវឌ្ឍន៍កាលពីដើមទសវត្សរ៍ ១៩៨០ និងដាក់ឲ្យធ្វើប្រតិបត្តិការជាលើកដំបូងនៅឆ្នាំ១៩៨៧។
យន្តហោះ Tu-160 មានសមត្ថភាពបង្កើនល្បឿនលឿនជាងល្បឿនសំឡេង ២ដង និងហោះហើរបានរហូតដល់ចម្ងាយ ១២,៣០០គីឡូម៉ែត្រ ពុំចាំបាច់ត្រូវការចាក់សាំងម្តងទៀតឡើយ។ Tu-160 ក៏អាចបំពាក់មីស៊ីលប្រដេញចម្ងាយឆ្ងាយ រ៉ាឌូងហ្គា (Raduga) ចំនួន ០៦គ្រាប់ ឬមីស៊ីលនុយក្លេអ៊ែរចម្ងាយខ្លី Kh-15 បាន ១២គ្រាប់ផងដែរ។
នៅឆ្នាំ២០០៥ យន្តហោះទម្លាក់គ្រាប់ Tu-160 បានទទួលការធ្វើបច្ចុប្បន្នភាពទ្រង់ទ្រាយធំដោយត្រឹមតែត្រូវបានផ្លាស់ប្តូរម៉ាស៊ីន និងប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះទេ តែថែមទាំងត្រូវបំពាក់ស្រទាប់ស្រោបថ្មី ដែលយោងទៅលើបច្ចេកវិទ្យាបំបាំងកាយទៀតផង៕