(កង់ប៊ែរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងនៅថ្ងៃសៅរ៍នេះថា ប្រទេសអូស្ត្រាលីនឹងទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីស្របច្បាប់របស់ប្រទេសអ៊ីស្រាអែល ហើយការសម្រេចចិត្តបែបនេះកើតមានឡើងតែពីរខែប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីទើបកាន់អំណាចរូបនេះបានប្រកាសថា លោកស្វាគមន៍ចំពោះគំនិតទទួលស្គាល់ហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
ទោះបីជាបែបនេះក្តីលោក ម៉ូរីសុន នៅតែអះអាងថា លោកគាំទ្រចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាមួយនិងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី នៅថ្ងៃអនាគត។ ការត្រៀមប្រកាសទទួលស្គាល់ហ្សេរុយសាឡឹម (ហ្សេរុយសាឡឹមខាងលិច) ជារដ្ឋធានីអ៊ីស្រាអែលនាពេលខាងមុខនេះ មិនមែនមានន័យថាអូស្ត្រាលីនឹងត្រូវរើស្ថានទូតទៅកាន់ទីនោះតាមសហរដ្ឋអាមេរិកនោះឡើយ ដោយអូស្ត្រាលីនឹងរក្សាស្ថានទូតរបស់ខ្លួននៅទីក្រុងតែលអាវីវដដែល លុះត្រាណាតែមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកើតឡើងជាមុនសិន។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អូស្ត្រាលីខាងលើនេះ បានកើតមានឡើងនៅរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងបានរើស្ថានទូតអាមេរិកពីតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹម នៅរយៈពេលប៉ុន្មានខែបន្ទាប់ បើទោះបីជាត្រូវរងការផ្ទុះបាតុកម្មពីសំណាក់ជនជាតិប៉ាឡេស្ទីន នៅតាមព្រំដែនអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់ក៏ដោយ៕