(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook បានប្រកាសនាថ្ងៃសុក្រសប្តាហ៍នេះថា ដោយសារតែបញ្ហាកំហុសឆ្គងក្នុងប្រព័ន្ធកូដ (Bug ឬ Error) រូបថតឯកជនរបស់អ្នកប្រើប្រាស់រាប់លាននាក់ ត្រូវបានលេចធ្លាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយស្ថានីយទូរទស្សន៍អាមេរិក CNN នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។
Facebook បានឲ្យដឹងថាបញ្ហា Error មួយនាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវីធីទូរស័ព្ទបែបភាគីទី៣ (Third-party App) អាចចូលមើលរូបថតនានា ដែលអ្នកប្រើប្រាស់ទំនងពុំបានចែករំលែកជាសាធារណៈឡើយ ហើយបណ្តាញសង្គមយក្សនេះ ជឿជាក់ថាអ្នកប្រើប្រាស់រហូតដល់៦.៨លាននាក់ អាចរងការប៉ះពាល់ពីបញ្ហានេះ។
គួរជម្រាបថា ពីព្រោះតែបញ្ហា Error ខាងលើ ក្រុមហ៊ុន Facebook ជឿថារូបថតរបស់អ្នកប្រើប្រាស់ទាំងនោះ អាចត្រូវបានមើលឃើញដោយកម្មវិធីប្រមាណ១,៥០០កម្មវិធី ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍កម្មវិធីចំនួន៨៧៦នាក់ ក្នុងអំឡុងពេល១២ថ្ងៃ កាលពីខែកញ្ញាកន្លងទៅ។ Facebook បានបញ្ជាក់ថា ខ្លួននឹង ជូនដំណឹងដល់អ្នកប្រើប្រាស់ទាំងឡាយ ដែលអាចរងការប៉ះពាល់ដោយសារបញ្ហានេះ៕