(ស្រីលង្កា)៖ លោក Mahinda Rajapaksa ត្រូវកូនប្រុសរបស់ខ្លួនបង្ហើបឲ្យដឹងនាថ្ងៃសុក្រនេះថា នឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីស្រីលង្កា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដែលកំពុងបង្កបញ្ហាខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅយប់ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
កូនប្រុសរបស់លោក Rajapaksa គឺលោក Namal Rajapaksa ដែលមានតួនាទីជាសមាជិកសភាមួយរូបផងដែរនោះ បានប្រកាសថា ឪពុករបស់ខ្លួននឹងចុះចេញពីតំណែងនៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីធានាស្ថិរភាពរបស់ប្រទេស។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការកំពូលស្រីលង្កា បានបង្គាប់ថាលោក Rajapaksa មិនគួរប្រើអំណាចជានាយករដ្ឋមន្រ្តី ដែលលោកទទួលបានក្រោមភាពចម្រូងចម្រាស កាលពីថ្ងៃទី២៦ ខែតុលា នោះឡើយ។
គួរជម្រាបថា វិបត្តិនយោបាយដែលបានអូសបន្លាយរាប់សប្តាហ៍នេះ បានផ្ទុះឡើងកាលពីតុលាកន្លងទៅ នៅពេលដែលប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានសម្រេចរំលាយសភាដើម្បីទម្លាក់នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe ហើយតែងតាំងលោក Rajapaksa ដែលជាអតីតបុរសខ្លាំងនៃស្រីលង្កាឲ្យឡើងជំនួសវិញ៕