(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសនាថ្ងៃសុក្រនេះថា រដ្ឋាភិបាលប៉េកាំងនឹងផ្អាកការដំឡើងពន្ធបន្ថែមលើរថយន្តព្រមទាំងគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល០៣ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសចិន ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ចិននឹងផ្អាកការយកពន្ធក្នុងអត្រា២៥ភាគរយ លើរថយន្តព្រមទាំងគ្រឿងបន្លាស់នាំចូលពីអាមេរិកសរុបចំនួន១៤៤ ហើយទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសទាំងពីរ នឹងអាចពន្លឿនកិច្ចចរចាដើម្បីលុបចោលទាំងស្រុង នូវរាល់ការដំឡើងពន្ធបន្ថែមលើទំនិញគ្នាទៅវិញទៅមក។
គួរជម្រាបថា សេចក្តីប្រកាសខាងលើកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ កាលពីអំឡុងជំនួបក្រៅផ្លូវការមួយ នាឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល G20 ដែលបានប្រព្រឹត្តទៅនៅអាហ្សង់ទីននាដើមខែនេះ៕