(ប៉េកាំង)៖ សហរដ្ឋអាមេរិកមានផែនការទប់ស្កាត់ការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយយ៉ាងឆាប់រហ័សរបស់ចិន និងរុស្ស៊ីនៅក្នុងតំបន់អាហ្រ្វិក។ នេះគឺជាការលើកឡើងរបស់លោក John Bolton ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ធ្វើឡើងនៅក្នុងសុន្ទរកថានៅឯវិទ្យាស្ថាន Heritage Foundation មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សហ្ដហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖«ចិន និងរុស្ស៊ី កំពុងពង្រីឥទ្ធិពលរបស់ពួកគេទាំងសេដ្ឋកិច្ច និងនយោបាយនៅទូទាំងតំបន់ អាហ្រិ្វក...ប៉ុន្តែសហរដ្ឋអាមេរិកនឹងចាត់វិធានការទប់ស្កាត់ ជាមួយការផ្តោតលើអទិភាពមុនគេ នោះគឺការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសអាហ្រ្វិក ដើម្បីបង្កើតឱកាសសម្រាប់អ្នកវិនិយោគអាមេរិក និងការពារឯករាជ្យភាពនៃបណ្ដា ប្រទេសអាហ្វ្រិកឱ្យស្របទៅតាមផលប្រយោជន៍សន្តិសុខជាតិអាមេរិក»។
បន្ថែមពីលើនេះ លោក Bolton ក៏បានចាត់ទុកផងដែរថា ការអនុវត្តពាណិជ្ជកម្មរបស់ចិន និងរុស្ស៊ីគឺមានភាពពុករលួយ និង មានលក្ខណៈជាការប្រម៉ាញ់។ តែជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានអះអាងថាកិច្ចសហប្រតិបតិ្តការរបស់ចិនជាមួយតំបន់អាហ្រ្វិក គឺមានបំណងជួយអភិវឌ្ឍទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ។ «នៅពេលដែលយើងនិយាយពីកិច្ចសហប្រតិបត្តិការជាមួយអាហ្រ្វិក គឺយើងនិយាយពីអ្វីដែលអាហ្វិ្រកត្រូវការ...តែមនុស្សនៅសហរដ្ឋអាមេរិកមួយចំនួននិយាយតែពីផលប្រយោជន៍អាមេរិក ដោយមិនបានគិតពីអាហ្រ្វិកឡើយ»។ នេះជាការបញ្ជាក់របស់លោក Lu Kang នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា ចិនត្រូវបានគេមើលឃើញថាបាននិងកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំង នៅក្នុងតំបន់អាហ្វ្រិកតាមរយៈគោលនយោបាយសេដ្ឋកិច្ច«ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានផ្ដល់ជំនួយរាប់ពាន់លាន ដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសអាហ្វ្រិក ដែលកំពុងមានទំនាក់ទំនងមិនសូវល្អជាមួយ លោកខាងលិច៕