(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសក្រិក ដើម្បីទប់ទល់នឹងការនាំចេញថាមពលរបស់រុស្ស៊ី នៅតំបន់អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងវិស័យនាំចេញថាមពលរបស់រុស្ស៊ីទៅកាន់ប្រទេសអឺរ៉ុប សហរដ្ឋអាមេរិកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានរំលេចក៏ដូចជាកោតសរសើរចំពោះតួនាទីនៃប្រទេសក្រិក ក្នុងការធ្វើពិពិធកម្មប្រភពធនធានថាមពលក្នុងតំបន់អឺរ៉ុប ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានពិចារណាបង្កើនសហប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យថាមពលជាមួយទីក្រុងអាតែនផងដែរ។
បើតាមសេចក្តីថ្លែងការណ៍របស់អនុអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសស្តីទីរបស់ក្រិកលោក George Katrougalos បានបើកជាលើកដំបូងនូវកិច្ចសន្ទនាយុទ្ធសាស្រ្តអាមេរិក-ក្រិក និងបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញារបស់ប្រទេសទាំងពីរក្នុងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ ជាពិសេសគឺវិស័យថាមពល។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់នៃវិស័យថាមពលអាមេរិក លោក Frank Fannon ក៏បានទទូចឲ្យប្រជាជាតិអឺរ៉ុបបោះបង់ចោលកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីទាក់ទិននឹងគម្រោងបណ្តាញផ្គត់ផ្គង់ឧស្ម័នឈ្មោះថា Nord Stream 2 ផងដែរ ដោយថាវាគឺជាឧបករណ៍នយោបាយរបស់រុស្ស៊ី ដើម្បីបង្កើនឥទ្ធិពលនៅអឺរ៉ុប។
ទន្ទឹមនឹងនេះសភាអាមេរិក ត្រូវគេរាយការណ៍ថា កំពុងតែពិចារណាអំពីការចាត់វិធានប្រឆាំងនឹងគម្រោងនេះ រួមមានការដាក់ទណ្ឌកម្មជាដើម។ គម្រោង Nord Stream 2 ជាបណ្តាញផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំទីពីររបស់រុស្ស៊ី ដើម្បីនាំចេញឧស្ម័នទៅកាន់អឺរ៉ុបតាមបាតសមុទ្របាល់ទិក ដោយពុំចាំបាច់ឆ្លងកាត់អ៊ុយក្រែន បេឡារុស ប៉ូឡូញ ព្រមទាំងប្រទេសអឺរ៉ុបខាងកើតនិងប្រទេសតំបន់បាល់ទិកឡើយ៕