(វ៉ាស៊ីនតោន)៖ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ជាជនអន្តោប្រវេសន៍មកពីប្រទេសហ្កាតេម៉ាឡាបានបាត់បង់ជីវិតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានអាជ្ញាធរព្រំដែនអាមេរិក ចាប់ឃុំខ្លួនជាមួយឪពុកដែលឆ្លងព្រំដែនអាមេរិក-ម៉ិចស៊ីកូដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាម Washington Post ក្មេងស្រីខាងលើ និងឪពុករបស់នាង ត្រូវបានឆ្មាំព្រំដែនអាមេរិកចាប់ឃុំខ្លួន កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅ នៅឯរដ្ឋ New Mexico ហើយអ្នកទាំង២ គឺស្ថិតនៅក្នុងចំណោមជនអន្តោប្រវេសន៍មកពីតំបន់អាមេរិកកណ្ដាល១៦៣នាក់ ដែលបានប្រគល់ខ្លួនឱ្យអាជ្ញាធរអាមេរិក។ ប៉ុន្តែ កាលពីថ្ងៃទី០៧ ខែធ្នូ ក្មេងស្រីដ៏កំសត់រូបនេះស្រាប់តែក្ដៅខ្លួនយ៉ាងខ្លាំងដល់៤០.៩អង្សាសេ រហូតដល់បាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងគាំងបេះដូងស្លាប់តែម្ដងក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្មានម៉ោងក្រោយមក។ ចំណែកឯ អាជ្ញាធរអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយផ្លូវការណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាលរាប់ពាន់កំពុងព្យាយាម សម្រុកក្នុងសហរដ្ឋអាមេរិកដោយឆ្លងកាត់ព្រំដែនម៉ិចស៊ីកូ ក្នុងគោលបំណងគេចចេញពីការធ្វើទុក្ខបុកម្នេញ ភាពក្រីក្រ និងអំពើហិង្សា នៅក្នុងប្រទេសរបស់ពួកគេ។ ជនអន្តោប្រវេសន៍ទាំងនេះភាគច្រើនមកពីប្រទេសហ្កាតេម៉ាឡា អែល សាល់វ៉ាឌឺ និងហុងដូរ៉ាស់ជាដើម៕