(អាមេរិក)៖ តើអ្នកទាំងអស់គ្នាដឹងទេថា ក្រៅពីកាមេរ៉ា JunoCam យានអវកាស Juno នៃទីភ្នាក់ងារអវកាសអាមេរិក NASA ក៏មានកាមេរ៉ាមួយទៀតផងដែរ ដែលបានផ្តិតយករូបភាពលក្ខណៈសខ្មៅអស្ចារ្យជាច្រើន នៃខ្សែក្រវាត់ដែលបង្ហាញខ្លួនស្ទង់ៗរួមទាំងបាតុភូតពន្លឺអ៊ូរ៉ូរ៉ា រន្ទះ និងផ្នែកងងឹតរបស់ភពព្រហស្បតិ៍ (Jupiter) មិនចាញ់រូបភាពដែលបានមកពី JunoCam នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
កាមេរ៉ានោះមានឈ្មោះថា Stellar Reference Unit ឬ SRU ដែលជាកាមេរ៉ាជួយនាំផ្លូវហោះហើរ។ តួនាទីចម្បងរបស់កាមេរ៉ានេះ គឺឆ្លុះទម្លុះការរំខានផ្សេងៗដែលបង្កឡើងដោយរលកវិទ្យុសកម្មដ៏ខ្លាំងក្លា ដែលនៅជុំវិញ Jupiter ដើម្បីរកមើលផ្កាយហើយប្រៀបធៀបពួកវាទៅនឹងសំណុំទិន្នន័យមួយ សំដៅកំណត់ទីតាំងជាក់លាក់របស់យាន Juno ក្នុងអំឡុងនៃការគោចរទៅមកៗរយៈពេល ៥៣ថ្ងៃ នៅជុំវិញភពឧស្ម័នយក្សនេះ។
នាអំឡុងការហោះឆ្វែលភពព្រហស្បតិ៍ជាលើកទីមួយ កាលពីខែសីហា ឆ្នាំ២០១៦ កាមេរ៉ា SRU របស់ Juno បានផ្តិតយករូបភាពដំបូងបំផុតនៃវត្តមានខ្សែក្រវាត់របស់ភពនេះពីចំហៀងខាងក្នុង។ ក្រៅពីនោះក៏មានវត្តមានក្រុមផ្កាយ Orion's Belt ដែលជាផ្កាយ០៣នៅត្រង់ជួរគ្នា និងផ្កាយដ៏ភ្លឺចែងចាំង Betelgeuse ផងដែរ។
ចំណែកក្នុងការហោះឆ្វែលលើកទី ១១ កាមេរ៉ា SRU បានផ្តិតយករូបភាពនៃតំបន់ងងឹងរបស់ភពព្រហស្បតិ៍ នៅចម្ងាយជាង ១០ម៉ឺនគីឡូម៉ែត្រ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវក៏បានប្រទះឃើញចំណុចតូចៗភ្លឺចំនួន០២ ដែលជារន្ទះថែមទៀតផង។ លើសពីនេះទៀត កាមេរ៉ា SRU ក៏បានបញ្ជូនរូបភាពនៅកៀកនៃបាតុភូតពន្លឺអ៊ូរ៉ូរ៉ាប៉ូលខាងជើង ដែលនៅពីតំបន់ងងឹតនៃភពព្រហស្បតិ៍ផងដែរ។
គួរជម្រាបថា យានអវកាស Juno តម្លៃ ១.១ពាន់លានដុល្លារ ត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់ភពព្រហស្បតិ៍ កាលពីខែសីហា ឆ្នាំ២០១១។ វាបានទៅដល់គន្លងនៃភពព្រហស្បតិ៍នៅខែកក្កដា ឆ្នាំ២០១៦។ រហូតមកទល់ពេលនេះ Juno បានធ្វើការសិក្សាស្រាវជ្រាវពីផ្ទៃខាងក្នុង ពីលំអាននៃដុំពពក និងអាកាសធាតុ ដែនម៉ាញេទិច រួមជាមួយអ្វីៗជាច្រើនទៀតរបស់ Jupiter៕